ក្រសួង​អប់រំ ណែនាំ​វិធានការ​សម្រាប់​មន្ត្រី​អប់រំ​ទាំងអស់ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង​

​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បាន​សេចក្ដីណែនាំ ស្តីពី​វិធានការ​សម្រាប់​មន្ត្រី​អប់រំ​បម្រើការ នៅតាម​អង្គភាព​ថ្នាក់ជាតិ និង​រាជធានី ខេត្ត ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​អូ​មី​ក្រុង​។​

​ក្រសួង បាន​បញ្ជាក់ថា ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​អូ​មី​ក្រុង ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ណែនាំ​ដល់​មន្ត្រី​អប់រំ​បម្រើការ​នៅតាម​អង្គភាព​ថ្នាក់ជាតិ រាជធានី ខេត្ត ទាំងអស់​ដូចខាងក្រោម​៖
– បន្ត​រឹតបន្តឹង​ការប្រុងប្រយ័ត្ន និង​ពង្រឹង​ការអនុវត្ត​វិធានការ “៣​ការពារ និង​៣​កុំ ឱ្យបាន​ម៉ឺងម៉ាត់​
– បុគ្គលិក​អប់រំ ដែល​បាន​ចេញទៅ​បំពេញបេសកកម្ម​នៅតាម​រាជធានី ខេត្ត ឬ​ធ្វើដំណើរ​ទៅ​កន្លែង​ដែលមាន ហានិភ័យ (​ក្រោម​ហេតុផល​ផ្ទាល់ខ្លួន​) ត្រូវធ្វើ​តេស្ត rapid test មុននឹង​ត្រឡប់​មកកាន់​ទីកន្លែង​បម្រើការ​វិញ
– លើកទឹកចិត្ត​ឱ្យ​រៀបចំ​សកម្មភាព​ជួបជុំ សកម្មភាព​បណ្តុះបណ្តាល ឬ​សិក្ខាសាលា ដែលមាន​អ្នកចូលរួម​ក្នុង​ចំនួន​តិច ឬ ត្រូវ​រៀបចំ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​
– បន្ត​ដាក់​ឆ្លង​ឯកសារ និង​បែងចែក​ឯកសារ តាម​ប្រព័ន្ធ​ឌីជីថល ដូចជា Telegram, Whatsapp…
– អង្គភាព​ថ្នាក់ជាតិ​ទាំងអស់ ត្រូវ​តាមដាន​និង​រាយការណ៍​ជាប្រចាំ​អំពី ស្ថានភាព​សុខភាព​របស់​មន្ត្រី​
– មន្ត្រី​អប់រំ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស​ការពារ ឱ្យបាន​ជាប់លាប់ គ្រប់ពេល​ចេញចូល និង​ពេល​បំពេញការងារ​
– ត្រូវ​រក្សា​អនាម័យ ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់កុល​ជាប្រចាំ​
– គ្រប់​ច្រកចេញចូល ត្រូវ​កំណត់ឱ្យ​មានការ​វាស់​ក​ម្ដៅ និង​ពាក់​ម៉ាស​ជាប្រចាំ ក្នុងករណី​មិន​អនុវត្តតាម មិនត្រូវ​អនុញ្ញាតឱ្យ​ចូលក្នុង​បរិវេណ ជាដាច់ខាត
– ករណី​មានការ​សង្ស័យ ឬ​ស​ភាពមិនប្រក្រតី ដែលជា​រោគសញ្ញា​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​រាយការណ៍ ឬ​ទូរ​សព្ទ​ទៅ លេខ ១១៥ ជាបន្ទាន់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close