សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​កិត្តិយស នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​។​

​ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការកសាង និង​អភិវឌ្ឍ​សង្គមជាតិ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា បច្ចុប្បន្ន ស្ត្រី​បាន​ចូលរួមចំណែក​ក្នុង​កិច្ចការងារ​ជាច្រើន​វិស័យ​»​។​

​ក្នុង​កិច្ចប្រជុំ​លោកជំទាវ ជូ ប៊ុន​អេង តំណាង លោកជំទាវ អ៉ឹ​ង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី បាន​ថ្លែងថា «​ការអភិវឌ្ឍ​សមត្ថភាព​ស្តី​ជា​ថ្នាក់ដឹកនាំ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ការអភិវឌ្ឍ​សមត្ថភាព​ដល់​ស្ត្រី​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ជានា​រី នៅ​ថ្នាក់ជាតិ ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ដោយ​ថ្នាក់ដឹកនាំ​ស្ថាប័ន ។ ពី​ឆ្នាំ​២០២០-២០២១ ស្ត្រី​ចំនួន​២២៣៥ នាក់ នៃ​ចំនួន​អ្នកចូលរួម​សរុប​៣៨៧១​នាក់ បាន​ចូលរួម​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល និង​ជំនាញ​នានា​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​»​។​

​ក្នុង​កិច្ចប្រជុំ លោកជំទាវ ជូ ប៊ុន​អេង បន្តថា នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្រសួង​កិច្ចការនារី បានរៀបចំ​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ម​ន្ត្រី​កិច្ចការនារី​ក្នុងការ​អនុវត្ត​ការងារ ការស្វែងរក​ការគាំទ្រ​មតិ ការបញ្ជ្រាប​យេនឌ័រ និង​បរិ​យាប​ន្ន សីលធម៌​សង្គម និង​ភាពជា​អ្នកដឹកនាំ និង​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធី​វិនិយោគ ឃុំ សង្កាត់ និង​សមាហរណកម្ម​ផែនការ​ឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ​។ ក្រសួង​បាន​បើក​វគ្គ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ពង្រឹង​តួនាទី​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ និង​ភារកិច្ច​របស់​គណៈកម្មាធិកា​រ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ អ្នកចូលរួម ១,១២៣ នាក់​(​ស្ត្រី​៨៤០​នាក់​)»​។

​លោកជំទាវ ជូ ប៊ុន​អេង បន្តថា «​ដូច​រៀងរាល់​ឆ្នាំកន្លងមក ឆ្នាំ​២០២២ នេះ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី បាន​សម្របសម្រួល​រៀបចំ​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០២០-២០២១ និង​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​ផ្តល់​ធាតុ​ចូល​របាយការណ៍​ពី​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​ការផ្តល់​យោបល់​ពី​ក្រុមការងារ​បច្ចេកទេស​យេនឌ័រ ព្រមទាំង​ការឯកភាព​ពី​សមាជិក សមាជិកា នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ។

​លោកជំទាវ​បញ្ជាក់ថា «​របាយការណ៍​លទ្ធផល​ការងារ​ឆ្នាំ​២០២០-២០២១ បង្ហាញ​ពី​វឌ្ឍនភាព​ការ​ប្រឈម​ថ្មីៗ និង​ចំណុច​សេសសល់​ទាំងឡាយ ដែល​យើងទាំងអស់គ្នា​ចាំបាច់​ត្រូវខិតខំ​បន្ត​ការដោះស្រាយ​ក្នុង​បរិការណ៍​នៃ​ជំងឺ​កូ​វីដ​១៩ ដើម្បី​ស្តារ និង​ជំរុញ​ការអភិវឌ្ឍ​គ្រប់​វិស័យ តាមរយៈ​ការបន្ត​អនុវត្ត​វិធានការ​ផ្នែក​គោលនយោបាយ កម្មវិធី​និង​សកម្មភាព​ជាក់លាក់​នានា ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព​។​

​លោកជំទាវ ជូ ប៊ុន​អេង បាន​ថ្លែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​កិត្តិយស​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដែល​បានផ្តល់​អាទិភាព​ខ្ពស់​ក្នុងការ​ជំរុញ និង​លើកកម្ពស់​សមភាព​យេនឌ័រ និង​ស្ថានភាព​ស្ត្រី​លើ​គ្រប់​វិស័យ និង​គ្រប់​កម្រិត ក្នុងការ​អនុវត្ត​ច្បាប់ គោលនយោបាយ និង​វិធានការ​នានា តាមរយៈ​យន្តការ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ជាពិសេស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលជា​និច្ចកាល​តែង​ផ្តល់នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ទាំង​ស្មារតី និង​ថវិកា​ដល់​ដំណើរការ​សកម្មភាពរ​បស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ឱ្យសម្រេចបាន​នូវ​វឌ្ឍនភាព​ជាទី​មោទនៈ ក្រោម​សុខសន្តិភាព​ជាតិ »​។​

​សូម​ជំរាប​ថា «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» មាន​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជា​ព្រះប្រធាន​កិត្តិយស និង​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អនុប្រធាន​កិត្តិយស​។ ចាប់តាំងពី​ឆ្នាំ​២០០៦​មក ថ្នាក់ដឹកនាំ​នៃ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» តែងតែ​បើក​កិច្ចប្រជុំ​ជា​ទៀងទាត់​រៀងរាល់​មួយឆ្នាំ​ម្តង ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន​។

​កិច្ចប្រជុំ​ធ្វើឡើង​ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ និង​ការអនុវត្ត​រាល់​អនុសាសន៍​លើ​ការងារ​មួយចំនួន​របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​សិទ្ធិសេរីភាព​ឋានៈ​តួនាទី ពិសេស​ការចូលរួម​ដោះស្រាយ​រាល់​ការងារ​ជា​អាទិភាព​នានា​របស់​ស្ត្រី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close