អូស្ត្រាលី មានជើងហោះហើរអន្តរជាតិវិញហើយ!
អូស្ត្រាលី នាថ្ងៃចន្ទនេះ បានបើកព្រំដែនអន្តរជាតិឡើងវិញ សម្រាប់អ្នកដំណើរដែលចាក់វ៉ាក់សាំងរួច ក្រោយពេលបិទជិត២ឆ្នាំ។
ទីភ្នាក់ងារសារព័ត៌មាន CNA បានចេញផ្សាយថា ជើងហោះហើរអន្តរជាតិជាង៥០ជើងនឹងត្រូវទៅដល់ប្រទេសអូស្ត្រាលី ក្នុងថ្ងៃទី២១ កុម្ភៈនេះ ក្នុងនោះ ក្រុងស៊ីតនី នឹងទទួល ២៧ជើងហោះហើរ ច្រើនជាងគេ ខណៈដែលផ្នែកទេសចរណ៍អូស្ត្រាលីព្យាយាមស្រោចស្រង់ឡើងវិញ ក្រោយពេលទទួលរងគ្រោះធ្ងន់ធ្ងរព្រោះការរឹតបន្តឹងបង្ការទប់ស្កាត់កូវីដ។
ទេសចរណ៍គឺជាឧស្សាហកម្មដ៏ធំមួយរបស់អូស្ត្រាលី ក្នុងនោះ មានតម្លៃប្រចាំឆ្នាំ ប្រមាណ៤៣ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារប្រមាណ៥ភាគរយនៃ កម្លាំងការងារសរុបក្នុងប្រទែស។ ប៉ុន្តែវិស័យនេះត្រូវបានវាយប្រហារខ្លាំង ក្រោយពេលអូស្ត្រាលីបិទព្រំដែន ព្រោះកូវីដ កាលពីខែមីនា ២០២២។
អូស្ត្រាលីមានអ្នកកើតកូវីដ ប្រមាណ២.៧លាននាក់ ហើយ ស្លាប់វិញជិត៥ពាន់នាក់។ យប់មិញ អូស្ត្រាលីប្រកាសថា មានវិជ្ជមានថ្មីជាង១ម៉ឺននាក់ ស្លាប់១៧នាក់ ទៀត ក្នុងពេលប្រមាណ២៤ម៉ោងចុងក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។