គ្រោះទឹកជំនន់ និង​ការ​រអិល​បាក់​ដី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១៥២​នាក់ នៅ​ប្រេ​ស៊ី​ល​

​សៅ​ប៉ូ​ឡូ​៖ អាជ្ញាធរ​ប្រេ​ស៊ី​ល កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ បាន​រាយការណ៍​ថា ចំនួន​អ្នកស្លាប់ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​បង្ក​ជា​គ្រោះទឹកជំនន់​ភ្លាមៗ និង​ការ​រអិល​បាក់​ដី នៅក្នុង​ទីក្រុង​ដ៏​ស្រស់ស្អាត Petropolis របស់​ប្រទេស​ប្រេ​ស៊ី​ល បាន​បន្ត​កើន​ឡើងដល់ ១៥២​នាក់​ហើយ​។​

​ទន្ទឹមនេះ ក្រុម​អ្នក​ជួយសង្គ្រោះ និង​អ្នកស្រុក​ដែល​កំពុង​ស្វែងរក​សាច់ញាតិ​ដែល​បាត់​ខ្លួន​របស់​ពួកគេ​បាន​បន្ត​រុករក​តាម​ភ្នំ នៅ​ទីតាំង​មាន​ល្បាប់​ភក់ និង​កម្ទេច​ថ្ម​ក្នុង​ទីក្រុង​ភាគ​អាគ្នេយ៍​។ ប៉ូលីស​ក្នុង​តំបន់​បាន​និយាយថា មនុស្ស​ចំនួន​១៦៥​នាក់​នៅតែ​បាត់​ខ្លួន បន្ទាប់ពី​ព្យុះភ្លៀង​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ប៉ុន្តែ​ពួកគេ​ទំនងជា​មិនអាច​ត្រូវបាន​រកឃើញ​ទាំង​នៅមាន​ជីវិត​ទៀត​នោះទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ ពួកគេ​នៅ​មិនទាន់​ច្បាស់​ទេ​ថា​តើ​ចំនួន​អ្នកស្លាប់​នឹង​បន្ត​កើន​ឡើងដល់​កម្រិតណា​។​

​ចំនួន​អ្នក​បាត់​ខ្លួន​បាន​ធ្លាក់ចុះ ខណៈដែល​សាកសព​កាន់តែច្រើន​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ ហើយ​ស្រប​ពេលដែល​ក្រុមគ្រួសារ​កំពុង​ស្វែងរក​សាច់ញាតិ​ដែល​នៅរស់ បន្ទាប់ពី​សោកនាដកម្ម​នេះ​។ គិត​មកទល់ពេលនេះ​សាក សព​ចំនួន ១២៤​នាក់​ហើយ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ ក្នុងនោះ​មាន​កុមារ​ចំនួន​២៨​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close