ក្រុមជួយសង្គ្រោះរកឃើញប្រអប់ខ្មៅយន្តហោះដឹកអ្នកដំណើរឥណ្ឌូនេស៊ីដែលធ្លាក់ចូលក្នុងសមុទ្រ
ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី ១ខែវិច្ឆិកា បានប្រកាសថា បានរកឃើញ និងស្រង់យកប្រអប់ខ្មៅមួយ ក្នុងចំណោមប្រអប់ខ្មៅទាំងពីរ (Flight Data Recorder និង Cockpit Voice Recorder) របស់យន្តហោះអាកាសចរណ៍ក្នុងស្រុក Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះជាមួយមនុស្ស ១៨៩នាក់ នោះហើយ។
ខណៈប្រតិបត្តិការរុករកបានឈានចូលដល់ថ្ងៃទី ៤ ប្រអប់ខ្មៅខាងលើត្រូវបានរកឃើញ និងស្រង់ចេញពីផ្ទៃសមុទ្រនាវេលាម៉ោង ១០៖១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ដែលយន្តហោះធ្លាក់ ប៉ុន្តែមិនមានការបញ្ជាក់នៅឡើយទេថា ជាប្រអប់ខ្មៅផ្ទុកទិន្នន័យហោះហើរ ដែលគេហៅថា Flight Data Recorder ឬក៏ប្រអប់ខ្មៅផ្ទុកសំឡេង ដែលគេហៅថា Cockpit Voice Recorder ។
គួរជម្រាបថា ក្រុមភ្នាក់ងារជួយសង្គ្រោះនិងរុករក បានផ្តោតសំខាន់ទៅលើការស្វែងរកប្រអប់ខ្មៅទាំងពីររបស់យន្តហោះ ខណៈដែលក្រុមអ្នកស៉ើបអង្កេតកំពុងព្យាយាមកំណត់មូលហេតុ ដែលបង្កឲ្យយន្តហោះ Boeing ស៊េរីថ្មីនេះធ្លាក់។ ដោយឡែកការស្វែងរកសាកសពអ្នកដំណើរ និងសម្ភារៈជាច្រើននៃយន្តហោះ ក៏បាននិងកំពុងធ្វើឡើងព្រមគ្នាដែរឈានចូលដល់ថ្ងៃទី ៤ នៃការរុករកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។