សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកយ៉ាងសំខាន់លើការងារសង្គម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ !
ខេត្តសៀមរាប៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កោតសរសើរទឹកចិត្តរបស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក្នុងស្មារតីទទួលខុសត្រូវ និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាល:ទេស: ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា និងជាប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងសំណេះសំណាលជាមួយគណ:កម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២២កន្លងទៅថ្មី។
ឯកឧត្តម បានលើកថា៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ( សសយក ) ទូទាំងប្រទេស បានខិតខំប្រឹងប្រែង ក្នុងសកម្មភាពបំពេញការងារមនុស្សធម៌ ដល់សង្គមជាតិ តាំងតែពីដំណាក់កាលដំបូង នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មកម្ល៉េះ ទាំងសមាជិកក្នុងខេត្តសៀមរាបផ្ទាល់ បានចូលរួមយ៉ាងសកម្មនៅតាមមូលដ្ឋាន រួមទាំងការនាំយកអំណោយស្បៀងអាហារទៅចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត និងបានអនុវត្តយុទ្ធនាការ បញ្ជ្រាបការយល់ដឹងអំពីគ្រោះថ្នាក់ជំងឺកូវីដ-១៩ ឱ្យយល់ដឹងដល់សហគមន៍ ក្រោមកិច្ចសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសគឺការផ្សព្វផ្សាយអំពីវិធានការណ៍ការពារខ្លួន និងជម្រុញចលនាប្រជាពលរដ្ឋ ទទួលយកការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសទី៤ ដែលជានយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ កិច្ចការទាំងនេះ ទោះជាត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់យ៉ាងណាក៏ដោយ ប៉ុន្តែសមាជិក សសយក ទាំងអស់ នៅតែមានឆន្ទ: និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាល និងប្រជាជនគ្រប់កាល:ទេស:។
ឯកឧត្តមបញ្ជាក់ថា៖ យ៉ាងណាក៏ដោយ ( សៀមរាបផ្ទះខ្ញុំ ) គឺជាឆ្អឹងខ្នង នៃយុទ្ធនាការមិនចេះរីស្ងួតរបស់ សសយក-សៀមរាប ដែលស្ថិតនៅជានិច្ចលើសកម្មភាពមនុស្សធម៌ និងសង្គមជាតិ។ ជាមួយគ្នានោះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដល់សមាជិក សមាជិកា សសយក ទាំងអស់ថា ក្នុងនាមជាយុវជនជំនាន់ក្រោយ ត្រូវយល់ឲ្យបានច្បាស់អំពីការគោរពសិក្សាបទពិសោធន៍ពីព្រឹទ្ធាចារ្យជារៀមច្បង ដែលអ្វីទាំងនោះគឺសីលធម៌ គុណធម៌ និងប្រពៃណី។ ឯកឧត្តមពន្យល់ថា ការគោរពគ្នាតាមឋានានុក្រម គឺមានតម្លៃចេញមកពីការចាត់តាំង ហើយការគោរពការបញ្ចេញគំនិត គោរពភាពជាអ្នកដឹកនាំ គឺការគោរពចេញមកពីឧត្តមគតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។