កូរ៉េខាងជើង ចាប់ដៃ​ចិន ប្រឆាំងនឹង​គោលនយោបាយ​អរិភាព​ស​ហ​រដ្ឋ​អាមេរិក​

​ព្យុងយ៉ាង​៖ ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ប្តេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន និង​រួមគ្នា​ធ្វើឱ្យ​ខកចិត្ត​ចំពោះ​គោលនយោបាយ​គំរាមកំហែង និង​អរិភាព​ពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA បានចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក គីម បានធ្វើការ​កត់សំគាល់​បែបនេះ​នៅក្នុង​សារ​ទៅកាន់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង ដោយបាន​ធ្វើ​ការអបអ​រ​សាទរ​ចំពោះ​មេដឹកនាំ​ចិន​ពី​ការបញ្ចប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ដោយ​ជោគជ័យ​។

​លោក គីម បាន​បញ្ជាក់ថា កូរ៉េខាងជើង​-​ចិន​កំពុង​ការពារ និង​ជំរុញ​លើកកម្ពស់​សង្គមនិយម ស្របពេល​ធ្វើ​ឲ្យ​មានការ​ខកចិត្ត​ចំពោះ​គោលនយោបាយ​អរិភាព និង​គំរាមកំហែង​យោធា​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន តាមរយៈ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ និង​សាមគ្គីភាព​។​

​បន្ថែម​លើ​នេះ មេដឹកនាំ​កូរ៉េខាងជើង​បាន​កោតសរសើ​រ​ចំពោះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ថា ជាការ​បង្កើត​ប្រវត្តិសាស្ត្រ ហើយ​ថា ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក ស៊ី ប្រទេស​ចិន​បាន​ពុះពារ​បញ្ហា​ប្រឈម គឺ​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ​ដែល​មិន​ធ្លាប់មាន​ពីមុនមក និង​ការបង្ខិតបង្ខំ​របស់​ក​ង​កម្លាំង​អរិភាព​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close