ប្រជាពលរដ្ឋ ប្រទះឃើញ​គ្រោងឆ្អឹង​មនុស្ស ដៃ​ជាប់​ចំណង​ក្រពាត់​ទៅក្រោយ នៅក្នុង​ល្អាង​ភ្នំ​មួយ ក្នុង​ខេត្តបាត់ដំបង​

​ខេត្តបាត់ដំបង​៖ ប្រជាពលរដ្ឋ​ដែល​ដើររក​អាច​ម៌​ប្រចៀវ បាន​ប្រទះឃើញ​គ្រោងឆ្អឹង​មនុស្ស មាន​ជាប់​ចំណងដៃ​នឹង​ខ្សែ​នីឡុង ហើយ​ក្រពាត់​ទៅក្រោយ នៅក្នុង​ល្អាង​ភ្នំ ឈូង​ស្វាយ ស្ថិតនៅក្នុង​ឃុំ​តា​ក្រៀម ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ក្នុងករណីនេះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​មូលដ្ឋាន កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២ ហើយ និង​បាន​សន្និដ្ឋានថា គ្រោងឆ្អឹង​មនុស្ស​ស្លាប់​នោះ​មាន​សភាព​ពុកផុយ ប្រហែល​ស្លាប់​តាំងពី​អំឡុង​សម័យ​ប៉ុលពត​។​

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​បាណន់ បានឱ្យដឹងថា មាន​ប្រជាពលរដ្ឋ​ចំនួន ២​នាក់ ដែល​រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​ក្រោម ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​ដើរ​ទៅរក​អាច​ម៌​ប្រចៀវ​នៅ​ល្អាង​ភ្នំ​ឈូង​ស្វាយ ស្រាប់តែ​ប្រទះឃើញ​គ្រោងឆ្អឹង​សាកសព​នៅក្នុង​ល្អាង​ភ្នំ​ឈូង​ស្វាយ​នោះ ដែលមាន​ជម្រៅ​ប្រហែល ២០​ម៉ែត្រ ភ្លាមនោះ​ក៏​ប្រញាប់​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​។ ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ នៃ​ស្នងការ​នគ​បាល​ខេត្តបាត់ដំបង សហកា​ជាមួយ​កម្លាំង​អធិការ និង​នគរបាល​ប៉ុស្តិ៍​ចុះទៅ​កាន់​កន្លែងកើតហេតុ​ភ្លាមៗ​។ បន្ទាប់មក​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ សមត្ថកិច្ច សហការ​ជាមួយ​ប្រជាពលរដ្ឋ ចុះ​សួ​តាម​ឫស​ជ្រៃ ទៅក្នុង​បាត​ល្អាង​ដើម្បី​ពិនិត្យ និង​ប្រមូលយក​ឆ្អឹង​សាកសព​នោះ​ឡើង​មកលើ​មាត់​ល្អាង​។​

​លោក ប៉ាន់ វ៉ាន់​នី អធិការនគរបាល​ស្រុក​បាណន់ បានឱ្យដឹងថា ក្រោយ​ពិនិត្យ​ស្ថានភាព​ឆ្អឹង​សព​នោះ​រួច បាន​សន្និដ្ឋានថា ជា​មនុស្ស​ប្រុស វ័យ​ប្រហែល ៥០​ឆ្នាំ មាន​ចំណង​ចងដៃ​ដោយ​ខ្សែ​នីឡុង​ក្រពាត់​ទៅក្រោយ​ពណ៌​ក្រហម​(​ចងស្លាបសេក​) មាន​ពាក់​អាវដៃវែង ពណ៌​ប្រផេះ ខោជើងវែង ពណ៌​ខ្មៅ ហើយ​ក្នុង​ហោប៉ៅ​អាវ​មាន​ឃើញ​ស្លឹក​ចៀក​សម​ស្រាប់​មូរ​ថ្នាំជក់​របៀប​ចាស់​បូរាណ​។ យោងតាម​ការសន្និដ្ឋាន​របស់​មន្ត្រី​ជំនាញ ឆ្អឹង​សព​នោះ​មាន​សភាព​ពុកផុយ​ខ្លះ​ហើយ ប្រហែល​ស្លាប់​ក្នុងសម័យ​ប៉ុលពត ហើយ​ប្រហែលជា​សព​ត្រូវបាន​ពួក​ខ្មែរក្រហម​យកទៅ​សម្លាប់ ក្នុងអំឡុង​ពេលដែល​ជីក​ទំនប់​អាង​កំពីងពួយ ព្រោះ​ទីតាំង​ស្លាប់​នៅក្បែរ​គ្នា​នឹង​ទំនប់​កំពីងពួយ​។​

ក្រោយពី​ពិនិត្យ​គ្រោងឆ្អឹង​រួច សមត្ថកិច្ច​ជំនាញ​បាន​ប្រគល់ឱ្យ​អាចារ្យវត្ត​ដំបូក​ខ្ពស់ ក្នុង​ឃុំ​តា​ង៉ែ​ន ដើម្បី​រៀបចំ​វេច​ច​ខ្ចប់​ដាក់​ក្នុង​ក្រឡ រក្សាទុក​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close