រុស្ស៊ី ដើរមុនប្រទេសលោកខាងលិចមួយជំហានក្នុងវិបត្តិអ៊ុយក្រែន
ប្រមុខដឹកនាំរុស្ស៊ីបានដើរមុន អាមេរិក និងប្រទេសលោកខាងលិច មួយជំហាន ដែលធ្វើឲ្យប្រទេសទាំងនោះ មិនអាចជួយរដ្ឋាភិបាលអ៊ុយក្រែនក្នុងការបង្រួបបង្រួមតំបន់ Donbass នោះឡើយ។ ក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលប្រធានាធិបតីពូទីនប្រកាសជាផ្លូវការទទួលស្គាល់ ពីឯករាជ្យភាព នៃសាធារណរដ្ឋ Donetsk (DPR) និងសាធារណរដ្ឋ Lugansk(LPR) ប្រមុខដឹកនាំ តំបន់ទាំងពីរក៏បានចុះសន្ធិសញ្ញាការពារជាតិរួមជាមួយរុស្ស៊ីអនុញ្ញាតឲ្យ កម្លាំងទាហានរុស្ស៊ីឈរជើង នៅក្នុងទឹកដីរបស់ខ្លួន ដើម្បីទប់ស្កាត់រាល់ឈ្លានពានពីសត្រូវ។
ទាំងនោះជានយោបាយ យុទ្ធសាស្ត្រដ៏ឆ្លាតវៃរបស់ប្រធានាធិបតីពូទីន ធ្វើឲ្យប្រទេសលោកខាងលិច មិនអាចធ្វើអ្វីបាននោះឡើយ។ សាធារណរដ្ឋ Donetsk និង Lugansk បានចុះសន្ធិសញ្ញាសហប្រតិបត្តិការ ជាផ្លូវការជាមួយរុស្ស៊ី បើកផ្លូវទទួលជំនួយទាំងយោធា និងហិញ្ញវត្ថុ ពីរដ្ឋាភិបាលទីក្រុងមូស្គូ ។
នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ២២ខែកុម្ភៈ សភាសាធារណរដ្ឋ ប្រជាជន Donetsk និងសាធារណរដ្ឋប្រជាជនLugansk បានប្រកាសថា ការសម្រេចចុះសន្ធិសញ្ញាមិត្តភាពសហប្រតិបត្តិការណ៍ជាមួយរុស្ស៊ី ទទួលបានការអនុម័តពីស្ថានប័ន រដ្ឋសភានិងព្រឺទ្ធសភា ។
ប្រធានាធិបតីពូទីនបញ្ជាំក់ថា សកម្មភាពទទួលស្គាល់ខាងលើ គឺជាការឆ្លើយតបទៅនឹងពលរដ្ឋនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ដោយជាច្រើនឆ្នាំកន្លងមករងការបំផ្លិចបំផ្លាញដោយសង្គ្រាម ហើយរដ្ឋាភិបាលទីក្រុង Kiev ព្យាយាមអូសទាញប្រទេសជិតខាងចូលរួម តាមរយៈការខិតខំចូលជាសមាជិករបស់ណាតូ ។
ក្នុងពេលនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចោទរុស្ស៉ីថា កំពុងតែបំផ្លាញកិច្ចប្រឹងប្រែង ដើម្បីឆ្ពោះទៅរកសន្តិភាព ហើយលោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនបណ្តោយឱ្យទឹកដីខ្លួន ធ្លាក់ទៅក្នុងដៃរុស្ស៉ីជាដាច់ខាត។ លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងសារដូចខាងលើទៅកាន់ប្រជាជាតិ បន្ទាប់ពីរុស្ស៉ីបានសម្រេចចិត្តផ្តល់ការទទួលស្គាល់ជាផ្លូវការ ដល់តំបន់ជម្លោះចំនួន២ នៅភាគខាងកើតអ៊ុយក្រែន ថាជារដ្ឋឯករាជ្យពេញលេញ ហើយទីក្រុងម៉ូស្គូថែមទាំងបានបញ្ជូនកងទ័ពទៅកាន់ទីនោះទៀតផង។ ប្រការនេះកាន់តែជំរុញឱ្យវិបត្តិអ៊ុយក្រែន-រុស្ស៉ី ដែលកំពុងតានតឹងស្រាប់ប៉ុន្មានខែមកហើយនោះ កើនឡើងកម្តៅយ៉ាងក្តៅគគុកបន្ថែមទៀត។
លោក Zelenskiy បានចោទប្រកាន់ថា តាមរយៈការសម្រេចចិត្តខាងលើ រុស្ស៉ីបានបំពានដែនអធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយវាអាចមានន័យថា ទីក្រុងម៉ូស្គូដើរចេញពីកិច្ចព្រមព្រៀងទីក្រុង Minsk ដែលត្រូវបានបង្កើតឡើង ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ នៅភាគខាងកើតអ៊ុយក្រែន។
ជាមួយគ្នានេះ លោក Zelenskyi បានបន្តថា អ៊ុយក្រែនចង់ដោះស្រាយវិបត្តិតាមផ្លូវការទូត ប៉ុន្តែប្រទេសលោកត្រៀមលក្ខណៈរួចជាស្រេច ដើម្បីតតាំងការពារខ្លួនរហូតដល់ទីបញ្ចប់។ បើតាមសម្តីលោក Zelenskyi គឺអ៊ុយក្រែនស្ថិតនៅលើទឹកដីខ្លួនឯង ហើយពុំខ្លាចនរណាឡើយ មិនតែប៉ុណ្ណោះ អ៊ុយក្រែនមិនជំពាក់អ្នកណា ហើយក៏នឹងមិនឱ្យអ្វីទៅនរណាម្នាក់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។