បារាំង ជ្រើសរើសកម្ពុជា ធ្វើគំរូនាំមុខគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍
ភ្នំពេញ៖ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញនាដំណាក់កាលក្នុងនិងក្រោយវិបត្តិកូវីដ១៩ បារាំងមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងបារាំង-អាស៊ាន ហើយបានជ្រើសរើសកម្ពុជាជាដៃគូនាំមុខគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនេះ ពីព្រោះកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។
ការបញ្ជាក់ពីគោលបំណងនេះធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក ពើឡេត៍ ហ្សាគ (Pellet Jacques) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។
នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតបារាំងបានចូលរួមអបអរសាទរដល់កម្ពុជាដែលបានធ្វើជាប្រធានអាស៊ានក្នុងអាណត្តិឆ្នាំ២០២២នេះ។ ជាមួយគ្នានោះ លោក ពើឡេត៍ ហ្សាគ បានលើកឡើងអំពីគោលបំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋបារាំង ដែលចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយអាស៊ាន ពោលទាំងក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងក្របខណ្ឌបារាំង-អាស៊ាន ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញនាដំណាក់កាលក្នុងនិងក្រោយវិបត្តិកូវីដ១៩។
ក្នុងនាមតំណាងរដ្ឋាភិបាលបារាំង លោក ហ្សាគ ថែមទាំងបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជានាំមុខគេក្នុងការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ ដើម្បីធ្វើជាគំរូដល់ប្រទេសសមាជិកដទៃ ដែលនេះជាការចូលរួមដើម្បីផលប្រយោជន៍ ភាពរីកចម្រើនទាំងអស់គ្នា ពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ានផងដែរ។
លោកឯកអគ្គរដ្ឋទូតបារាំងបានគាំទ្រដល់គោលនយោបាយចាក់វ៉ាក់សាំងនៅកម្ពុជា និងបានទទួលស្គាល់ថាកម្ពុជាគឺជាគោលដៅទេសចរណ៍មួយដែលមានសុវត្ថិភាព។ លោកក៏នឹងបន្តផ្សព្វផ្សាយអំពីព័ត៌មានទាំងនេះទៅកាន់ប្រជាជនបារាំង ដើម្បីឱ្យពួកគេជ្រើសរើសគោលដៅទេសចរណ៍កម្ពុជាជាគោលដៅអាទិភាពមួយ នៅពេលសភាពការណ៍កូវីដ១៩មានការថមថយ ឬអាចធ្វើដំណើរបានស្រួល។
ឯកឧត្ដម ថោង ខុន បានស្នើឱ្យមានការជំរុញតភ្ជាប់ជើងហោះហើរត្រង់ពីបារាំងទៅមកកម្ពុជា ដើម្បីជំរុញកំណើនភ្ញៀវទេសចរទៅមក។ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំងដែលបានគាំទ្រការបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ចំនួន២ដល់កម្ពុជា មួយគឺនៅរាជធានីភ្នំពេញ និងមួយទៀតនៅខេត្តព្រះសីហនុ ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជាផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រីក៏បានជម្រាបថា នាពេលខាងមុខ លោកនឹងជួបជាមួយអាជីវករ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដែលជាជនជាតិបារាំង ដើម្បីរកវិធីសាស្ត្របន្ថែមទៀតក្នុងស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឱ្យបានល្អប្រសើរឡើងវិញ ខណៈនៅកម្ពុជាក៏មានអាជីវករ និងប្រតិបត្តិករជាជនជាតិបារាំងច្រើនផងដែរ។
នៅក្នុងជំនួបនោះផងដែរ តាមសំណើរបស់លោករដ្ឋមន្ត្រី ថោង ខុន ភាគីបារាំងសន្យាជួយគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ភាគីទាំងពីរចង់ឱ្យមានក្រុមការងារមួយចុះមកសិក្សាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនោះលោក ពើឡេត៍ ហ្សាគ បានបញ្ជាក់ថា បារាំងមានមូលនិធិ៦០ម៉ឺនដុល្លារ ដើម្បីជួយចូលរួមរៀបចំស៉ីហ្គេមនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។