សត្វស្លាប ១៣០ប្រភេទ ត្រូវបានប្រទះឃើញ និងកត់ត្រាទុក ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង
តាមរយៈអង្កការ BirdLife បានឲ្យដឹងថា កាលពីខែមករា ឆ្នាំ២០២២ ការធ្វើជំរឿនសត្វស្លាបអាស៊ី ត្រូវបានប្រព្រឹត្តិទៅនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។
សកម្មភាពអង្កេតតាមដានជីវចម្រុះនេះ គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដោយមន្ត្រីអង្កេតតាមដានទីវាលអង្គការជិវិតធម្មជាតិ និងឧទ្យានុរក្សប្រចាំការក្នុងតំបន់ការពារទេសភាពទាំងពីរនេះ ដែលគាំទ្រដោយអង្គការ BirdLife និងអង្គការជីវិតធម្មជាតិនៅកម្ពុជា។
ជាលទ្ធផល សត្វស្លាបចំនួន ៧៨ ប្រភេទក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងសត្វស្លាបចំនួន៥២ប្រភេទក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ត្រូវបានប្រទះឃើញ និងកត់ត្រាទុក។ ក្នុងនោះមានសត្វស្លាបដែលដែលជិតផុតពូជបំផុតចំនួន០១ប្រភេទ គឺចាបព្រៃវែង និងសត្វស្លាបដែលកំពុងរងគ្រោះជាសកល គឺសត្វក្រៀល។
គួរបញ្ជាក់ផងដែរថា ចាបព្រៃវែងបាននៅតែបន្តមានវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ រាប់ពាន់ក្បាល ចាប់តាំងពីខែធ្នូ ដល់ខែមេសា ប៉ុន្មានឆ្នាំចុងក្រោយនេះ។ គម្រោងអភិរក្សនិងគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីងសហការអនុវត្តដោយក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា BirdLife និង WWT៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។