នាយករដ្ឋមន្រ្តីចង្អុលមុខរដ្ឋមន្រ្តីកសិកម្ម រឿងបិទមិនឲ្យមានការនាំចូលជ្រូក ធ្វើឲ្យសាច់ជ្រូកឡើងថ្លៃ
ក្នុងពិធីបិទមហាសន្និបាទបូកសរុបការងារក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការស្តីបន្ទោសធ្ងន់ៗចំពោះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលបិទមិនឲ្យមានការនាំសាច់ជ្រូកចូលមកកម្ពុជា ដែលជាហេតុធ្វើឲ្យសាច់ជ្រូកនៅកម្ពុជាឡើងថ្លៃ ធ្វើឲ្យប៉ះពាល់ដល់អតិផរណា។
តាមការលើកឡើងរបស់សម្តេចតេជោ បច្ចុប្បន្នសាច់ជ្រូកនៅកម្ពុជាបានកំពុងឡើងថ្លៃ ដោយសារតែកង្វះសាច់ជ្រូក ព្រោះតែរដ្ឋមន្រ្តីក្រសួងកសិកម្មបានហាមឃាត់ការនាំចូលជ្រូក ដើម្បីបំពេញចិត្តអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុក ខណៈកម្ពុជា គឺជាសមាជិកអង្គការ WTO និងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ។
សម្តេចតេជោ បានហៅការធ្វើការងាររបស់លោក វេង សាខុន ថា ជាការជិះសេះមើលផ្កាយ ដោយបានថែមទាំងលើកឡើងពីករណីរកមិនឃើញពលរដ្ឋរងគ្រោះដោយទឹកជំនន់ខ្វះស្រូវពូជ ខណៈខ្លួនគឺជារដ្ឋមន្រ្តីក្រសួងកសិកម្មថែមទៀតផង។
ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានប្រាប់ទៅដល់រដ្ឋមន្រ្តីគ្រប់រូប គួររក្សាតំណែងរបស់ខ្លួននៅក្នុងអាណត្តិ ដោយមិនគួរត្រូវផ្លាស់ប្តូរនៅក្នុងអាណត្តិនោះទេ។ សម្តេចបញ្ជាក់ថា ការដករដ្ឋមន្រ្តីមួយ គឺប្រើពេលតែត្រឹម ២៤ម៉ោងប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។