រុស្ស៊ី ​លែង​បារម្ភ​ពី​ការដាក់ទណ្ឌកម្ម ពី​បណ្តា​ប្រទេស​លោកខាងលិច​

​រដ្ឋាភិបាល​រុស្ស៊ី​បានដឹង​យ៉ាងច្បាស់​ពី​ការដាក់ទណ្ឌកម្ម របស់​ប្រទេស​លោកខាងលិច​មកលើ​ទីក្រុង​មូ​ស្គូ ប៉ុន្តែ​រុស្ស៊ី​បាន​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការទទួល​ទណ្ឌកម្ម​ទាំងនោះ ដោយ​រុស្ស៊ី​មាន​សេដ្ឋកិច្ច​រឹងមាំ​ជាង​ពេលមុន​។​

​តាម​សារព័ត៌មាន Capital Economics សេដ្ឋកិច្ច រុស្ស៊ី​នាពេលនេះ អាច​ឈរ​រឹងមាំ​ជាង​ពេលមុន អាច​ទប់ទល់​ជាមួយ​ការដាក់ទណ្ឌកម្ម ពី​បណ្តា​ប្រទេស​លោកខាងលិច បាន​យ៉ាង​ល្អ​។​

​សហគមន៍​អឺរ៉ុប អាមេរិក អង់គ្លេស នៅ​ថ្ងៃទី ២២​ខែកុម្ភៈ បានប្រកាស​វិធាន​ការចាក់​ទណ្ឌកម្ម​ថ្មី​ទៅលើ​ប្រទេស​រុស្ស៊ី​ក្រោយ រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បានសម្រេច​ទទួលស្គាល់​តំបន់​ឯករាជ្យ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ។ នៅក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​ថ្មី​ទៅលើ​រុស្ស៊ី គឺ​បណ្តា​ធនាគារ មិនអាច​ធ្វើ​ពា​ណី​ជ្ជ​កម្ម​អន្តរជាតិ​បានឡើយ​។​

​ពាក់ព័ន្ធ​ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី ទីភ្នាក់ងារសារព័ត៌មាន Reuters នា​រសៀល​ថ្ងៃ ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​ផ្សាយ​ថា សហភាព​អឺរ៉ុប (EU) បាន​ព្រមព្រៀងគ្នា​ហើយ ចំពោះ​ការដាក់ទណ្ឌកម្ម​ថ្មីៗ​ទៅលើ​ប្រទេស​រុស្ស៊ី ក្នុងនោះ​មានដូចជា​ការ កត់​ឈ្មោះ​អ្នកនយោបាយ សមាជិកសភា និង​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ជាច្រើន​ទៀត ចូលទៅក្នុង​បញ្ជីខ្មៅ​, ហាមឃាត់​វិនិយោគិន EU មិន​ធ្វើ​ជំនួញ​ជាមួយ​រុស្ស៊ី ព្រមទាំង​ទណ្ឌកម្ម​ផ្សេងៗ​ទៀត ដែលមាន​គោលដៅ​លើ​វិស័យ​នាំចូល និង​នាំចេញ រវាង​ក្រុមហ៊ុន​នៅក្នុង​តំបន់​ផ្តាច់ខ្លួន​ទាំងពីរ នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ផងដែរ​។​

​លោក Josep Borrell ប្រធាន​គោលនយោបាយ​នៃ​សហភាព​អឺរ៉ុប បាន​ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល ថ្នាក់​រដ្ឋមន្ត្រីការបរទេស EU ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង នៅ​ថ្ងៃ​២៣​ខែកុម្ភៈ ថា សហភាព​នេះ​បានជ្រើសរើស មិន​ដាក់ទណ្ឌកម្ម​ដោយផ្ទាល់ ទៅលើ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នោះឡើយ​។ លោក Borrell បាន​គូសបញ្ជាក់ថា ការទទួលស្គាល់​ជា​ផ្លូវការ ចំពោះ​តំបន់​ផ្តាច់ខ្លួន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ចំនួន ២ គឺ Donetsk និង Luhansk ជា​រដ្ឋ​ឯករាជ្យ​នោះ គឺជា​ការរំលោភ​លើ​អធិបតេយ្យភាព​អ៊ុយ​ក្រែ​ន ដែល​មិនអាច​ទទួលយក​បានជា​ដាច់ខាត​។​

​លោក Josep Borrell បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ទៀតថា «​កញ្ចប់​ទណ្ឌកម្ម​ថ្មី ដែល​ត្រូវ​បានអនុម័ត​ជា​ឯកច្ឆ័ន្ទ ដោយ​រដ្ឋ​ជា​សមាជិក EU នៅពេលនេះ នឹង​ធ្វើឱ្យ​រុស្ស៊ី​ឈឺចាប់​… ហើយ​វា​នឹងធ្វើ​ឲ្យ​មាន​សម្ពាធ​ខ្លាំង (​លើ​រុស្ស៊ី​)»​។ សម្រាប់​ការសម្រេចចិត្ត មិន​ដាក់ទណ្ឌកម្ម​ដោយផ្ទាល់​លើ ប្រ​ធានា​ធីប​តី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នោះ គឺ​មិនមាន​ការបកស្រាយ​អំពី​មូលហេតុ​នោះឡើយ​។​

​តើ​ទណ្ឌកម្ម​ទាំងអស់​ខាងលើនេះ នឹងត្រូវ​ចូល​ជា​ធរមាន​នៅពេលណា​ឡើយ ប៉ុន្តែ​ក្រុមមន្ត្រី EU បាន​រំពឹងថា ឆាប់ៗ​ខាងមុខនេះ​វា​នឹងត្រូវ​ដាក់ចេញ នឹង​បង្ហាញ​ឈ្មោះ​បុគ្គល ដែល​នឹងត្រូវ​រង​ទណ្ឌកម្ម​នោះ ជា​សាធារណៈ​តែម្តង​។ លោក Josep Borrel បាន​ត្រឹម​បង្ហើប​ថា បុគ្គល ២៨​រូប និង​ក្រុមហ៊ុន​មួយចំនួនទៀត​នៅ​រុស្ស៊ី នឹងត្រូវ​កត់​ឈ្មោះ​ចូលក្នុង​បញ្ជី​ទណ្ឌកម្ម​ថ្មី​របស់ EU៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close