នាវា​ទេសចរណ៍ សញ្ជាតិ Bahamas ១​គ្រឿង បាន​ចូល​ចត​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២៣ កុម្ភៈ ម្សិលមិញ នាវា​ទេសចរណ៍​មួយគ្រឿង ឈ្មោះ NORWEGIAN SPIRIT សញ្ជាតិ Bahamas បាន​ចូល​ចត​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​។

​មន្ត្រី​សមត្ថកិច្ច​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា នាវា​ទេសចរណ៍​នេះ មិនមាន​ដឹក​ភ្ញៀវ​ទេសចរណ៍​ទេ គឺជា​ដំណើរ​ចូល​ចត​ដើម្បី​រង់ចាំ​ទទួលយក​ក្រុម​នាវិក និង​បុគ្គលិក​របស់​នាវា តាម​បណ្តា​ប្រទេស​មួយចំនួន ដែល​ឈប់សម្រាក​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​១៩​កន្លងមក ដើម្បី​ចូលធ្វើការ​ក្នុង​នាវា​វិញ​។​

​ប្រភព​ដដែល បន្តថា នៅលើ​នាវា​ទេសចរណ៍​នេះ មាន​នាវិក​លើ​នាវា​ចំនួន ១៧១​នាក់ (​ស្រី ២២​នាក់​)​។ ចំណែក​នាវិក និង​បុគ្គលិក អ្នកបម្រើ​ការ​លើ​នាវា​មកពី​បណ្តា​ប្រទេស​នានា ដែល​នឹងត្រូវ​ឆ្លងកាត់​ប្រទេស​កម្ពុជា មក​ចុះ​ធ្វើការ​ក្នុង​នាវា​ទេសចរណ៍​នេះ​វិញ មាន​ចំនួន ៤៨៥​នាក់ (​ស្រី ៨៩​នាក់​) ។

​សូមបញ្ជាក់ថា នាវា​ទេសចរណ៍​នេះ មាន​បណ្ដោយ ២៦៩​ម ទទឹង ៣៦​ម និង​ជម្រៅ​ទឹក ៨.២​ម​, ការឈប់​ចត​នេះ អាច​នឹង​ប្រើពេល​៣ ឬ​៤​ថ្ងៃ មុននឹង​ចាកចេញ​ត្រឡប់​ទៅវិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close