ជប៉ុន ផ្តល់​ថវិកា​ជិត ២​លាន​ដុល្លារ លើ​គម្រោង​បោសសម្អាត​មីន​នៅ​កម្ពុជា​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ១,៧៩៩,១៦៦ ដុល្លារ​អាមេរិក ក្រោម​គ្រោងការណ៍​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ក្នុងការ​សម្អាត​មីន​នៅ​កម្ពុជា​។

​អង្គភាព​ទទួល​ជំនួយ​ឈ្មោះ អង្គការ​សកម្មភាព​កំចាត់មីន​ជប៉ុន (JMAS) នឹង​ទទួលបាន​ថវិកា​ចំនួន ៩០០,៧៨៧ ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត ”​គម្រោង​គាំទ្រ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ ជាមួយនឹង​ការ​បោសសំអាត​គ្រាប់​បែប​ចង្កោម​នៅ​ខេត្តស្ទឹងត្រែង ហៅ​កាត់​ថា​គម្រោង RSCS (​ឆ្នាំ​ទី​២)” និង ថវិកា​ចំនួន ៨៩៨,៣៧៩ ដុល្លារ​អាមេរិក​ទៀត ដើម្បី​អនុវត្ត “​គម្រោង​គាំទ្រ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​ជាមួយនឹង​ការ​បោសសម្អាត​មីន​នៅ​ខេត្តបន្ទាយមានជ័យ ហៅ​កាត់​ថា​គម្រោង RSDB (​ឆ្នាំ​ទី​២)” ។​

​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន និង​អ្នកតំណាង​មកពី​អង្គការ JMAS បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​នេះ ហើយ​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ ដែល​បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ជប៉ុន​។

​ទោះបីជា​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ខ្នាត​ធំ ដូចជា​ការកែលម្អ​កំពង់ផែ​ក្រុងព្រះសីហនុ ផ្លូវជាតិ​លេខ​៥ និង​កម្ចី​ប្រាក់​យ៉េន​សម្រាប់​ការឆ្លើយតប​បន្ទាន់​ទៅនឹង​វិបត្តិ​កូ​វីដ​១៩ ជារឿយៗ​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា រដ្ឋាភិបាល​ជប៉ុន​ចាត់ទុកថា​ការធ្វើការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន និង​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា​គឺមាន​សារៈសំខាន់​ដូចគ្នា ក្នុងការ​ចូលរួមចំណែក​កែលម្អ​គុណភាព​ជីវិត​របស់​ប្រជាជន​ដែល​រស់នៅក្នុង​ទីតាំង​គម្រោង​នីមួយៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close