អូមីក្រុងបំបាំងកាយ មិនគ្រោះថ្នាក់ដូចអូមីក្រុងដើមឡើយ
បច្ចុប្បន្នអូមីក្រុង បានគ្រប់គ្រងការឆ្លងនៅលើពិភពលោក ដោយភាគច្រើនករណីឆ្លងនាពេលចុងក្រោយនេះបង្កឡើងដោយវីរុសបំប្លែងថ្មីអូមីក្រុង ក៏ដូចជាអូមីក្រុងបំបាំងកាយ។ ប៉ុន្តែ អង្គការ WHOបញ្ជាក់ថា វីរុសអូមីគ្រុងបំបាំងកាយមិនគ្រោះថ្នាក់ដូច អូមីក្រុងធម្មតាឡើយ។
អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី ២២ខែកុម្ភៈឆ្នាំ២០២២ បានប្រកាសថា វីរុសកូវីដ ១៩ អូមីក្រុងបំបាំងកាយ (BA2) មិនគ្រោះថ្នាក់ដូចអូមីក្រុងប្រភេទដើមនោះឡើយ ។
លោកស្រី បណ្ឌិត Maria Van Kerkhove ជាមន្ត្រីជាន់ខ្ពស់របស់WHO បានបញ្ជាក់ថា «យើងមរកមិនឃើញថា វីរុសកូវីដ ១៩ បំប្លែងថ្មី អូមីក្រុងបំបាំងកាយ (BA2)មិនគ្រោះថ្នាក់ដូចអូមីក្រុង(BA1)នោះឡើយ។ នោះជារឿងដ៏ល្អប្រសើរ ដោយប្រទេសជាច្រើន បានរកឃើញវីរុសអូមីក្រុងទាំងពីរប្រភេទខាងលើ ។
លោកស្រីបញ្ជាក់ទៀតថា ករណីឆ្លងរាលដាលកូវីដ១៩ នៅលើពិភពលោក មានសញ្ញាថយចុះខ្លាំង ជាហេតុធ្វើឲ្យប្រទេសមួយចំនួនសម្រេចបើកទ្វាររស់នៅជាមួយកូវីដ ១៩ ។
គិតត្រឹមថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤២៨, ១៩៥,៨០៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៩២៤,៩៦៨នាក់ និងជាសះស្បើយឡើងវិញ ៣៥៦,០០៨,៣០២នាក់។
អាមេរិកដែលជាប្រទេសមានករណីឆ្លងច្រើនជាងគេលើពិភពលោកពេលនេះក៏មានករណីឆ្លងធ្លាក់ចុះផងដែរ ដោយនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៦១,៨៦៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ១,៥៥៨នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។