ពេញ​១​ខែ កុម្ភៈ​នេះ​! ខេត្តសៀមរាប ទទួលភ្ញៀវ​ទេសចរណ៍​ជាង ៨​ម៉ឺន​នាក់

​ខេត្តសៀមរាប​៖ តាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​១​ខែ ដោយ​ចាប់ពី​ថ្ងៃទី​២១ ខែមករា រហូតដល់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ បាន​ចូលមក​ទស្សនា​ខេត្តសៀមរាប មាន​សរុប​ចំនួន ៨៤.៥៣២​នាក់ ថយចុះ​ចំនួន ៤២,៣៦​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១ មាន​ចំនួន ១២០.៣៤៦​នាក់ ។​

​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​ភ្ញៀវ​ទេសចរណ៍​ទាំងអស់នោះ មាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន ៧៧.០០០​នាក់ ថយចុះ​ចំនួន ៥១,៩៥​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​១១៧.០០០​នាក់ និង ថយចុះ​ចំនួន​១២៧,២៧​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែមករា​ឆ្នាំ​២០២២ ដែលមាន​ចំនួន​១៧៥.០០០​នាក់ ខណៈ ភ្ញៀវ​ទេសចរណ៍​បរទេស​ក្នុងស្រុក​មាន​ចំនួន ៧.៥៣២​នាក់ មានការ​កើនឡើង ១២៥,១០​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ដែលមាន​ចំនួន ៣.៣៤៦​នាក់ និង​មានការ​កើនឡើង ១៩៧,៤៧​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែមករា ឆ្នាំ​២០២២ ដែលមាន​ចំនួន ២.៥៣២ នាក់ ។​

​សូម​រំ​ឮ​កថា តាំងពី​មានការ​រាតត្បាត​ខ្លាំង​នៃ​វីរុស​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​មក បានធ្វើ​ឲ្យ​សេវាកម្ម​ទេសចរណ៍​មួយចំនួន​ត្រូវបាន​បិទ​អាជីវកម្ម និង មួយចំនួនទៀត​ត្រូវបាន​ផ្អាក ក្នុងនោះ​រួមមាន​៖ ផ្នែក​សណ្ឋាគារ មាន​ចំនួន ១៨​កន្លែង ត្រូវបាន​បិទ​, ផ្អាក​អាជីវកម្ម​ចំនួន ១៦៨​កន្លែង និង កំពុងដំណើរការ​ចំនួន ៤៤​កន្លែង ក្នុងចំណោម​សណ្ឋាគារ ដែលមាន​សរុប​ចំនួន ២២៨​កន្លែង​, ផ្ទះសំណាក់ បាន​បិទ​អាជីវកម្ម​ចំនួន ១០៧​កន្លែង​, ផ្អាក​មាន​ចំនួន ៧៨​កន្លែង និង​កំពុងដំណើរការ​មាន​ចំនួន ៧៦​កន្លែង ក្នុងចំណោម​ផ្ទះសំណាក់ ដែលមាន​សរុប​ចំនួន ២៨៣​កន្លែង និង ភោជនីយដ្ឋាន បាន​បិទ​អាជីវកម្ម​មាន​ចំនួន ១០៩​កន្លែង​, ផ្អាក​មាន​ចំនួន ១០០​កន្លែង និង​កំពុងដំណើរការ​មាន​ចំនួន ៥២​កន្លែង ក្នុងចំណោម​ភោជនីយដ្ឋាន ដែលមាន​សរុប​ចំនួន ២៦១​កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close