កម្ពុជា បើក​ច្រក​ទីផ្សារ និង​ជំរុញ​ការនាំចេញ​ដំឡូង​មី​ស្ងួត ៤០​ម៉ឺន​តោន ទៅកាន់​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វាង​ស៊ី ប្រទេស​ចិន​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​សហការ​រៀបចំ​ពិធី​ចុះហត្ថលេខា ស្តីពី កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម រវាង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម​នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឯកឧត្តម LAN Tianli អភិបាលខេត្ត នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​អបអរសាទរ​ចំពោះ​សមិទ្ធិផល​ដ៏​ធំ ដែល​ដំឡូង​មី​ស្ងួត​កម្ពុជា​ចំនួន ៤០​ម៉ឺន​តោន នឹងត្រូវ​នាំចេញ​ទៅកាន់​ប្រទេស​ចិន ចាប់ពី​ខែមីនា ឆ្នាំ​២០២២ ដល់​ខែមីនា ឆ្នាំ​២០២៣ ខាងមុខនេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​សំណូមពរ​ដល់ ឯកឧត្តម​អភិបាលខេត្ត​ក្វាង​ស៊ី ឱ្យ​បន្ត​គាំទ្រ និង​សម្របសម្រួល​ដល់​ការ​នាំចូល​ដំឡូង​មី​ស្ងួត​កម្ពុជា​ទៅកាន់​តំបន់​ស្វយ័ត​ក្វាង​ស៊ី និង​ស្នើ​ជំរុញ​បន្ថែម​ដល់​ក្រុមហ៊ុន​ចិន ដើម្បី​បន្ត​រៀបចំ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុងការ​នាំចូល​អង្ករ ពោត ស្វាយ ចេក និង​ផលិតផល​សក្តានុពល​ផ្សេងៗ​ទៀត​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ជាពិសេស​ទៅកាន់​តំបន់​ស្វយ័ត​ក្វាង​ស៊ី​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន ត្រូវបាន​ពង្រឹង និង​ពង្រីក​ជា​បន្តបន្ទាប់ ដោយសារ​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ និង​ស្មារតី​សហប្រតិបត្តិការ​របស់​ថ្នាក់ដឹកនាំ​កំពូល​ទាំងពីរ ក៏ដូចជា​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ​២០១០ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន កិច្ចព្រមព្រៀង RCEP និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន ដែល​សុទ្ធតែ​បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ជាក់ស្ដែង នៅ​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​សម្រេចបាន ១១.១៩ ពាន់​លាន​ដុល្លារ​អាមេរិក ជាមួយនឹង​ការកើនឡើង​ប្រមាណ ៣៨% បើ​ធៀប​នឹង​ឆ្នាំ ២០២០​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​អភិបាលខេត្ត នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វាង​ស៊ី បាន​អបអរសាទរ​យ៉ាង​ស្មោះស្ម័គ្រ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម រវាង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម​នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នាពេលនេះ​។

​ឯកឧត្តម បញ្ជាក់ទៀតថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម និង​វិនិយោគ​ចិន​-​អាស៊ាន​ជាច្រើនលើក​មកហើយ ដែល​សកម្មភាព​នេះ​បាន​ជំរុញ​យ៉ាងខ្លាំង​នូវ​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ក្វាង​ស៊ី​។ តួយ៉ាង ក្នុង​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ក្វាង​ស៊ី ឈានដល់ ១,០៥ ពាន់​លាន​យន់ កើនឡើង ៦៣,៨% មាន​សហគ្រាស និង​អង្គភាព​ក្វាង​ស៊ី​សរុប​ចំនួន ៧១ ដែល​បាន​វិនិយោគ​លើ​វិស័យ​មិនមែន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ជាមួយនឹង​ការវិនិយោគ​តាម​កិច្ចសន្យា​សរុប​ចំនួន ៨៩​ពាន់​លាន​ដុល្លារ​អាមេរិក​។

​ឯកឧត្តម​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់ថា ក្នុងនាម​ជា​ច្រក​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​អាស៊ាន តំបន់​ស្វយ័ត​ក្វាង​ស៊ី​បាន​ជំរុញ​យ៉ាងសកម្ម​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា និង​ប្រទេស​អាស៊ាន​ដទៃទៀត ដោយ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close