ក្រសួងសាធារណការ ពិភាក្សាលើគម្រោងផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត
ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញបច្ចេកទេស។
កិច្ចប្រជុំអន្តរក្រសួងនេះធ្វើឡើង ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលេីរបាយការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានី ភ្នំពេញទៅក្រុងបាវិត ដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធទៅលេីរបាយការណ៏សិក្សា។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ផ្តល់មតិយោបល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងបញ្ហាបច្ចេកទេសដើម្បីបំពេញបន្ថែមចំណុចខ្វះក្នុងរបាយការណ៍នេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។