ជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូលD ជាមួយឥណ្ឌា ហុងកុង អាហ្វហ្កានីស្ថាន AFC Asian Cup China 2023
ភ្នំពេញ៖ ឆ្លងកាត់ចាប់ឆ្នោតចែកពូលតាមប្រព័ន្ធអនឡាញ នៅទីស្នាក់ការកណ្តាលសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅទីក្រុងគូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី កាលពីរសៀល ថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២២ បានបង្ហញលទ្ធផលថា ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងពូល D ជាមួយ៣ក្រុមផ្សេងទៀត គឺក្រុមឥណ្ឌា ហុងកុង អាហ្វហ្កានីស្ថាន នៃព្រឹត្តិការណ៍ជម្រើសជើងឯកអាស៊ី (AFC Asian Cup China 2023) នៅប្រទេសចិន ឆ្នាំ២០២៣។
ក្នុងការប្រកួតជម្រុះក្នុងពូល D នេះ គឺប្រទេសឥណ្ឌា ជាអ្នកទទួលធ្វើម្ចាស់ផ្ទះ ដែលគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី០៨ ថ្ងៃទី១១ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ នេះជាការប្រកួតវគ្គជម្រុះក្នុងពូល ដែលមាន២៤ក្រុម ដោយចែកចេញជា៦ពូល ដោយក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា សរុប២៤ក្រុម។ ការប្រកួតជម្រុះនេះ គឺដើម្បីស្វែងរកក្រុមជ័យលាភី ដែលជាក្រុមចំណាត់ថ្នាក់លេខ១ ប្រចាំពូលទាំង៦ (៦ក្រុម) និងក្រុមលេខ២ល្អផ្តាច់គេ ចំនួន៥ក្រុម សរុប១៣ក្រុម ឡើងទៅប្រកួតជម្រុះជុំចុងក្រោយ នាឆ្នាំ២០២៣ នៅប្រទេសចិនជាមួយបេក្ខភាពខ្លាំងៗចំនួន១៣ក្រុមផ្សេងទៀត ប្រចាំទ្វីបអាស៊ី ដែលកំពុងរង់ចាំស្រាប់ (គិតលើលទ្ធផលប្រកួតជម្រុះកន្លងមក នៃព្រឹត្តិការណ៍ FIFA WORLD CUP Qatar 2022)។
ចំពោះបេក្ខភាពក្រុមខ្លាំងៗចំនួន១៣ក្រុម កំពុងរង់ចាំនៅជុំផ្តាច់ព្រ័ត្រ នៅប្រទេសចិននោះ រួមមាន៖ម្ចាស់ផ្ទះចិន, កូរ៉េខាងត្បូង, ជប៉ុន, អូស្ត្រាលី, អារ៉ាប់រួម, អ៊ីរ៉ាក់, អ៊ីរ៉ង់, លីបង់, ស៊ីរី, អូម៉ង់, អារ៉ាប៊ីសាវឌីត, កាតា និងវៀតណាម។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា ដែលជាបេក្ខភាពប្រកួតនៅក្នុងពូល D ជាមួយក្រុមម្ចាស់ផ្ទះ ឥណ្ឌា ហុងកុង និងអាហ្វហ្កានីស្ថាននេះ គឺក្រោយពេលដែលក្រុមកម្ពុជាបានយកឈ្នះក្រុមកោះហ្គាំ ដោយលទ្ធផលសរុបទាំងពីរជើង ៣ទល់១ ក្នុងវគ្គជម្រុះបឋម (Play-Off) កាលពីខែតុលា ឆ្នាំ២០២១ នៅទឹកដីកណ្តាល ប្រទេសបារ៉ែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។