UN ដក​លុយ ២០​លាន​ដុល្លារ ពី​មូលនិធិ​ឆ្លើយតប​បន្ទាន់ ជួយ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក អាន​តូ​នី​ញ៉ូ ហ្គូ​តឺ​រ៉េ​ស (Antonio Guterres) បានប្រកាសថា UN នឹង​បែងចែក​លុយ​២០​លាន​ដុល្លារ​អាមេរិក ពី​មូលនិធិ​សង្គ្រោះបន្ទាន់ CEFR ចំណាយ​លើ​តម្រូវការ​បន្ទាន់​នៅ​អ៊ុយ​ក្រែ​ន ក្នុងពេល​មានការ​ធ្វើ​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​។​

​លោក​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ក្រុង​ញ៉ូ​វ​យ៉​ក ថ្មីៗ​នេះ ថា «​ថ្ងៃនេះ ខ្ញុំ​សូម​ប្រកាសថា ពួកយើង​នឹង​ដក​ថវិការ​ភ្លាមៗ ចំនួន​២០​លាន​ដុល្លារ ពី​មូល​និ​ធី​ឆ្លើយតប​បន្ទាន់ ដើម្បី​បំពេញ​សេចក្តីត្រូវការ​បន្ទាន់​»​។​

​លោក​ថា «​ពួកយើង​និង​ដៃគូ​មនុស្សធម៌ ត្រូវតែ​នៅ​ជាមួយ ចែកចាយ​ជាមួយ និង​ជួយ​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន ក្នុងពេល​មាន​តម្រូវការ​»​។​

​លោក​បន្ថែមទៀតថា មន្ត្រី​អង្គការសហប្រជាជាតិ​កំពុងធ្វើការ​ជាមួយ​គ្រប់ភាគី ដើម្បី​ផ្តល់ជំនួយ​មនុស្សធម៌​សង្គ្រោះ​ជីវិត ដោយ​លោក​អះអាងថា ការការពារ​ជន​ស៊ីវិល​ត្រូវតែ​ជា​រឿង​អាទិភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close