ត្រឹម​រយៈពេល​បី​ថ្ងៃ​! ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជាង ៣០​ម៉ឺន​នាក់ ភៀសខ្លួន​ទៅកាន់​ប្រទេស​ផ្សេងៗ បន្ទាប់ពី​រុស្សី​បើក​ការឈ្លានពាន​

​អ៊ុយ​ក្រែ​ន​៖ ប្រជាជន​អ៊ុយ​ក្រែ​ន​ជាង ៣​សែន​៦​ម៉ឺន​នាក់​ហើយ​បាន​ភៀសខ្លួន​ចេញពី​ប្រទេស ក្នុង​រយៈពេល​បី​ថ្ងៃ​បន្ទាប់ពី​រុស្សី​បើក​ការវាយលុក​តាមផ្លូវ​អាកាស ផ្លូវទឹក និង​តាម​ដែន​គោគ ដូចជា​ការបាញ់​ផ្លោង​មី​ស៊ី​ល​កាលពី​ថ្ងៃទី​២៤​ជាដើម​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​(UNHCR) ដែល​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន euronews នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​ក្នុងចំណោម​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ទាំងនោះ មាន​មួយចំនួន​បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ក្នុង​ចម្ងាយ​រាប់គីឡូម៉ែត្រ​ទាំង​កណ្តាលអធ្រាត្រ ខណៈ​មួយចំនួន​ភៀសខ្លួន​តាម​រយៈ​ការធ្វើដំណើរ​តាម​រថភ្លើង រថយន្ត ឬ​រថយន្តក្រុង​ជាដើម ដែល​បង្កើត​ទៅជា​ខ្សែបន្ទាត់​រាប់រយ​គីឡូម៉ែត្រ​ឆ្លងកាត់​ចូល​ប្រទេសជិតខាង ដោយ​ក្នុងនោះ​មាន​ប្រទេស​ប៉ូឡូញ ម៉ុ​ល​ដាវី ហុង​គ្រី រូ​ម៉ា​នី និង​ប្រទេស​ស្លូ​វ៉ា​គី ជាដើម​។ ក្រៅពីនេះ​មាន​មួយចំនួន​ថែមទាំង​បាន​ភៀសខ្លួន​ចូលទៅ​កាន់​ប្រទេស​បេឡា​រុស្ស​ទៀតផង​។​

​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ (UNHCR) បាន​និយាយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ថា ប្រជាជន​អ៊ុយ​ក្រែ​ន​ប្រហែល​ជាង ៣៦៨០០០​នាក់ បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស ដោយ​ក្នុងនោះ​មាន​ចំនួន​ប្រហែល​ជាង ៤៥២០០​នាក់ បាន​ចូល​មកដល់​ប្រទេស​ប៉ូឡូញ​ត្រឹម​រយៈពេល​១៥​ម៉ោង​មុន​ការប្រកាស​របស់​ទីភ្នាក់ងារ UNHCR​។ ក្នុងចំណោម​ជនភៀសខ្លួន​ទាំងនោះ ភាគច្រើន​ជា​ស្ត្រី កុមារ និង​មនុស្ស​ចាស់ បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ស័​រលេ​ន​ស្គី រស​ដែលមាន​វ័យ​គ្រប់​អាយុ​សម្រាប់ធ្វើ​ទាហាន​ពី​អាយុ​១៨​ឆ្នាំ​ដល់​៦០​ឆ្នាំ​មិនឱ្យ​ចាក​ចេញពី​ប្រទេស​។​

​អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន​នៃ​អង្គការសហប្រជាជាតិ លោក គ្រី​ស មេ​ល​ស័​រ (Chris Melzer) បាន​និយាយថា ជន​ចំណាកស្រុក​អ៊ុយ​ក្រែ​ន​បានធ្វើ​ដំណើរ​ជា​ជួរ​ក្នុង​ចម្ងាយ​ប្រហែល​ជាង​១៤​ម៉ែត្រ​ស្ថិត​ត្រង់ចំណុច​ព្រំដែន​រវាង​ប្រទេស​ប៉ូឡូញ​-​អ៊ុយ​ក្រែ​ន ហើយ​ពួកគេ​ត្រូវ​ចំណាយពេល​រងចាំ​ប្រហែល​ជាង​៤០​ម៉ោង​ដើម្បី​បាន​ចាក​ចេញពី​ប្រទេស​។ ទីភ្នាក់ងារ​ខាងលើ​មាន​ក្តី​រំពឹងថា ប្រជាជន​អ៊ុយ​ក្រែ​ន​ប្រហែល​ជាង​៤​លាន​នាក់​អាច​នឹង​ជម្លៀស​ខ្លួន​ចេញពី​ប្រទេស ប្រសិនបើ​ស្ថានការណ៍​បន្ត​យ៉ាប់យ៉ឺន​ជាង​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close