ការប្រកួតបាល់ទាត់ក្នុងសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ ២០២២ចាប់ផ្តើមដំណើរប្រកួតជាផ្លូវការ
ការប្រកួតកីឡាបាល់ទាត់ក្នុងសាលបុរស ពានរង្វាន់វិទ្យាស្ថាន ខេមអេដ រដូវកាលថ្មី ២០២២ បានចាប់ផ្តើមបើការប្រកួតជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅកីឡដ្ឋាន Premium Sport Club រាជធានីភ្នំពេញ។
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន ខេមអេដ បានផ្តល់ការណែនាំ និងលើកទឹកចិត្តដល់ក្រុមដែលចូលរួមសរុបចំនួន១៩ក្រុមចូលរួមប្រកួតដោយគោរពឲ្យបាននូវស្មារតីសាមគ្គីភាព មិត្តភាព និងគោលការណ៍លេងដោយយុត្តិធម៌ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជំរុញឲ្យព្រឹត្តិការណ៍បាល់ទាត់ក្នុងសាល រដូវកាល ២០២២ នេះទទួលបានលទ្ធផលជាផ្លែផ្កា។
លោកបន្ថែម នៅក្នុងចំណោម១៩ក្រុមដែលចូលរួមប្រកួតនេះ គឺមានក្រុមកីឡាករជានិស្សិតជនជាតិបារាំងក៏ត្រៀមចូលរួមប្រកួតប្រជែងជាមួយក្រុមកីឡាករខ្មែរដែរ។ ក្នុងឆ្នាំនេះដែរ ខេមអេដក៏ត្រៀមរៀបចំការប្រកួតកីឡាបាល់បោះ និងអត្តពលកម្មទៀតផង ដែលការរៀបចំព្រឹត្តិការណ៍កីឡានេះគឺជារឿងសំខាន់ ដែលផ្តល់ឲ្យនិស្សិតចេះចាប់ផ្តើមធ្វើការរួមគ្នា ការបណ្តុះឆន្ទៈ ស្មារតីរបស់កីឡាកររៀនធ្វើកិច្ចការឲ្យទទួលបានជោគជ័យ ដើម្បីផ្តល់ចំណេះដឹង បទពិសោធល្អៗ នៅពេលពួកគាត់ចេញទៅប្រកបការងារ ក្រោយបញ្ចប់ការសិក្សា។ គោលបំណងចម្បងនៃព្រឹត្តិការណ៍កីឡានេះ គឺដើម្បីបណ្តុះគំនិតឲ្យកីឡាករចេះធ្វើការជាក្រុម ធ្វើការក្រោមសម្ពាធ និងចេះទទួលយកការឈ្នះ-ចាញ់ ដើម្បីអាចគ្រប់គ្រងអារម្មណ៍ ស្មារតីជាដើម។
លោក ខេស៊ី បាណេត គូសបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ក្នុងសាលបុរស ពានរង្វាន់វិទ្យាស្ថាន ខេមអេដ រដូវកាលថ្មី ២០២២ ត្រូវបានរៀបចំឡើងវិញ ក្រោយខកខាន១ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩ ហើយលោកបានចាត់ទុកថា នេះជាព្រឹត្តិការណ៍កីឡាមួយទៀត នៅឆ្នាំ២០២២នេះ ដែលវាជាការប្រកួតដ៏សំខាន់សម្រាប់យើងក៏ដូចជានិស្សិតទាំងអស់ ដើម្បីជំរុញដល់សុខមាលភាពរបស់ពួកគេ ជាពិសេសគឺការអប់រំនៃការធ្វើការជាក្រុម តាមរយៈការប្រកួតកីឡានេះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ក្នុងសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ នឹងដំណើរការរយៈពេល៤ខែ ដោយគ្រោងនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី២៧ ខែកុម្ភៈ និងគ្រោងបញ្ចប់នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។