ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ទទួលបាន​លទ្ធផល​ជា​ផ្លៃ​ផ្កា​ ​ជាមួយនឹង​ពង្រឹងគុណភាព​បន្ថែម ឆ្ពោះទៅ ស៊ី​ហ្គេម ២០២៣

ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២១ បានបញ្ចប់​ដោយ​ជោគជ័យ កាលពី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២២​នៅ​សាល​ដំបូលទូក នៃ​សកលវិទ្យា​ភូមិន្ទ​ភ្នំពេញ បន្ទាប់ពី​ដំណើរការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៣​ថ្ងៃ ដែល​នេះ​ជា​លទ្ធផល​ថ្មី​មួយ​ជា​ផ្លែផ្កា ក្នុងការ​ពង្រឹងគុណភាព​បន្ថែម​នៃ​ក្បាច់គុណ​ប្រពៃណី​ព្រលឹង​ជាតិ ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជា​ណា​ក្រ​កម្ពុជា​។​

​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក អគ្គនាយកដ្ឋាន​កីឡា​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​រួមគ្នា​របស់​សហព័ន្ធ និង​ដៃគូ​អភិវឌ្ឍ ដែល​ធ្វើ​ឲ្យ​ការប្រកួត​គុន​ល្បុក្កតោ​ទទួលបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា នាពេលនេះ​។ យើង​ឃើញថា ការរៀបចំ ការងារ​បច្ចេកទេស​មា​ន​វឌ្ឍនភាព ដើម្បី​ត្រៀមលក្ខណៈ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដោយ​ឯកឧត្តម​អគ្គនាយក​កីឡា​ចាត់ទុកថា នេះ​មានការ​ប្រែប្រួល​ក្នុង​លក្ខណៈ​ជា​វិជ្ជមាន ជាច្រើន​។ «​កីឡាករ កីឡាការិនី​ល្បុក្កតោ​បច្ចេកទេស និង​ទេ​ព្យ​កោ​ល្យ​ខ្ពស់ ទាំង​ទម្រង់​ប្រយុទ្ធ និង​ទម្រង់​សម្តែង ដែល​បង្ហាញ​ពី​សមត្ថភាព ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​ប្រកបដោយ​ភាពជឿជាក់ និង​ក្តីសង្ឃឹម​ខ្ពស់​ផងដែរ​»​។​

​ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​មានប្រសាសន៍ថា ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២១​នេះ​អាច​ដំណើរការ​ទៅបាន​ដោយសារ​ការឧបត្ថម្ភ​គាំទ្រ​ជាគោលការណ៍​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​កីឡា​គុន​ល្បុក្កតោ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​ក្រុមហ៊ុន​ជា​ដៃគូ​អភិវឌ្ឍន៍​កីឡា​ប្រពៃណី​នេះ​ផងដែរ គឺ​ក្រុមហ៊ុន សម្រស់​ធម្មជាតិ ដែល​ក្រុមហ៊ុន​បាន​បំពេញតម្រូវការ​មួយចំនួន​ទាំង​ផ្នែក​ទីលាន ផ្នែក​ផ្គត់ផ្គង់ និង​អាវយឺត​ដ៏​ស្រស់ស្អាត សរុប​ជា​ទឹកប្រាក់​ចំនួន ១៥,០០០ ដុល្លា​សហរដ្ឋ​អាម៉េរិក​។

​ឯកឧត្តម កែវ រ៉េមី សង្កត់ធ្ងន់ថា ការប្រកួត​នេះ ស្របគ្នា​នឹង​ទិសដៅ​ត្រៀមលក្ខណៈ​សម្បត្តិ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​រាជរដ្ឋាភិបាល​បានសម្រេច​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​ដំបូង​នេះ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ ស​​ហ​ព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា គឺមាន​កិច្ចការងារ​ជាច្រើន​ដែល​ត្រូវបំពេញ​ក្នុងឋានៈ​ជា​ម្ចាស់​នៃ​ក្បាច់គុន​ប្រពៃណី​ព្រលឹង​ជាតិខ្មែរ​មួយ​នេះ ក្នុង​ទាំង​ការបណ្តុះបណ្តាល​ធនធាន​កីឡាករ កីឡាការិនី គ្រូបង្វឹក​អាជ្ញាកណ្តាល​ចៅក្រម​ក្នុងស្រុក និង​ធនធានមនុស្ស​នៅ​ប្រទេស​ដែលជា​សមាជិក​ផង ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការប្រកួត ស៊ី​ហ្គេម ឆ្នាំ​២០២៣ ហើយ​ជាពិសេស​យើង​នឹងមាន​ការបង្ហាញ​ទស្សនីយភាព​ដ៏​ធំ​របស់​គុន​ល្បុក្កតោ ដែលមាន​អ្នក​សម្តែង​គុន​ល្បុក្កតោ​ប្រមាណ ១០០០​នាក់ នា​ស៊ី​ហ្កេ​ម ឆ្នាំ​២០២៣ ផងដែរ​។​

​ឯកឧត្តម​បាន​បន្តថា ដើម្បី​សម្រេច​កិច្ចការងារ​ដ៏​ធំធេង ដើម្បី​កិត្តិយស​ជាតិ និង​ជា​ដឹងគុណ​ដ៏​បុព្វបុរស និង​រាជរដ្ឋាភិបាល គឺ​យើង​មិនអាច​ខ្វះ​បាន ពី​ការចូលរួម ការតាំង​ចិត្ត​បំពេញ​កិច្ចការងារ​ដោយ​ស្ម័គ្រចិត្ត​របស់​សមាជិក​យើង​ម្នាក់ៗ ដើម្បី​សម្រេច​គោលដៅ​រួមគ្នា ក្នុងការ​ជំរុញ​ឲ្យ​គុន​ល្បុក្កតោ​កាន់​ភាពល្បីល្បាញ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ឲ្យ​ស័ក្តិ​សមជា​អ្នក​បន្តវេន​ដ៏​វៃឆ្លាត​របស់​បុព្វបុរស​ខ្មែរ​យើង​។​

​លោក អ៊ូ តារា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បានបង្ហាញ​លទ្ធផល​ជ័យលាភី​របស់​គណៈកម្មកា​រ​បច្ចេកទេស​ថា សាលា​គុន​តា​រាជ (​ខេត្ត​ព្រះសីហនុ​) ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​ដណ្តើមបាន​មេដាយ​ច្រើនជាងគេ ដោយ​ឈ្នះ​មេដាយមាស ៥ ប្រាក់​៤ និង​សំរឹទ្ធ​១, លេខ​២ ក្រសួងមហាផ្ទៃ មេដាយមាស​៣ ប្រាក់​១ និង​សំរឹទ្ធ​៣, លេខ​៣ សាលា​គុន​ព្រះ​ស៊ី​សុ​វ​ត្តិ (​ភ្នំពេញ​) មាស​៣ និង​សំរឹទ្ធ ១, លេខ​៤ សាលា​គុន​សុវណ្ណ​អង្គរ​នាគរាជ (​សៀមរាប​) មាស ២ និង​ប្រាក់​៣ និង​លេខ​៥ សាលា​គុន​គោកធ្លក (​តាកែវ​) មាស​២ ប្រាក់​១ និង​សំរឹទ្ធ​១ ខណៈ​៥​សាលា​គុន​ផ្សេងទៀត ដណ្តើមបាន​មេដាយមាស ចំនួន​១​គ្រឿង​ដូចៗ​គ្នា​។​

​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​នេះ​មានការ​ចូលរួម​ពី​២៧​សាលា​គុន ដែលមាន​កីឡាករ កីឡាការិនី គ្រូបង្វឹក សរុប​ប្រមាណ ២០០​នាក់ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត ៤៤ នាក់ និង​ក្រុមការងារ​ស្ម័គ្រចិត្ត ២០​នាក់ អ្នក​ប្រកួត​លើ​២១​ប្រភេទ​វិញ្ញ​សារ ក្នុងនោះ​មាន​វិញ្ញាសារ​សម្តែង​ទៅ​ទម្រង់​មេគុន​១២ ប្រភេទ​វិញ្ញ​សា បុរស នារី និង​វិញ្ញាសារ​ប្រយុទ្ធ​មាន ៩​ប្រភេទ​ទម្ងន់​បុរស​-​នារី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close