ស្ថានការកាន់តែធ្ងន់! លោក ពូទីន បញ្ជាឲ្យដាក់អាវុធនុយក្លេអ៊ែរ ប្រុងជើងការខ្ពស់
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីម្សិលមិញ បានបញ្ជាឱ្យកងកម្លាំងរារាំងនុយក្លេអ៊ែររបស់រុស្ស៊ី ដាក់ការប្រុងប្រយ័ត្នខ្ពស់នៅថ្ងៃអាទិត្យនេះ ចំពេលមានភាពតានតឹងជាមួយលោកខាងលិច ជុំវិញការវាយប្រហារអ៊ុយក្រែន។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីកំពូល កាលពីថ្ងៃទី២៧ កុម្ភៈ លោក ពូទីន បានសង្កត់ធ្ងន់ថា មហាអំណាចធំៗរបស់អង្គការណាតូបានធ្វើ «សេចក្តីថ្លែងការណ៍យ៉ាងគឃ្លើនប្រឆាំងប្រទេសរុស្ស៊ី» រួមជាមួយនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមកលើប្រទេសរបស់លោក ក្នុងនោះរួមទាំងប្រធានាធិបតីខ្លួនឯងផងដែរ។
ការដាក់ក្នុងស្ថានភាពប្រុងជើងការខ្ពស់មានន័យថា លោកបានបញ្ជាឲ្យត្រៀមរៀបចំអាវុធនុយក្លេអ៊ែឲ្យបានរួចរាល់សម្រាប់ការធ្វើប្រតិបត្តិការ។ លោក ពូទីន បាន ស្នើ ដល់ រដ្ឋមន្ត្រី ការពារជាតិ រុស្ស៊ី និង មេបញ្ជាការកងទ័ព ឲ្យ ដាក់ កងកម្លាំង រារាំង នុយក្លេអ៊ែរ ទៅក្នុង ប្រព័ន្ធពិសេស សម្រាប់ បម្រើការ ប្រយុទ្ធ។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍យ៉ាងដូច្នេះថា «បណ្តាប្រទេសលោកខាងលិច មិនត្រឹមតែចាត់វិធានការប្រឆាំងនឹងប្រទេសរបស់យើងក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីកំពូលនៃអង្គការណាតូបានចេញសេចក្តីថ្លែងការណ៍យ៉ាងចាស់ដៃ ប្រឆាំងប្រទេសរបស់យើងទៀតផង»។
យ៉ាងណាក៏ដោយ ប្រភពព័ត៌មានចុងក្រោយ ភាគីទាំងពីរ រុស្ស៊ីនិងអ៊ុយក្រែនបានឯកភាពចរចាគ្នាហើយ គឺនៅក្នុងប្រទេសមួយជាប់ព្រំដែន រវាងប្រទេសទាំងពីរ បែលឡារុស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។