២​ខែ ដើមឆ្នាំ​២០២២! កម្ពុជា រ​នាំចេញ​កសិផល​ជិត ២​លាន​តោន ទៅកាន់​ទិសដៅ ៥២​ប្រទេស​

ភ្នំពេញ​៖ នៅក្នុង​រយៈពេល​២​ខែ​ដើម ឆ្នាំ​២០២២​នេះ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស ដែល​អគ្គនាយកដ្ឋាន​ក​សិ​កម្ម​ទទួលបាន​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) មាន​បរិមាណ​សរុប ១ ៨៣៥ ៤៧៥,៧០​តោន ទៅកាន់​ទិសដៅ ៥២​ប្រទេស គឺមាន​ការកើនឡើង​ចំនួន ១៥៩ ៣៣១,៣៣​តោន ស្មើនឹង ៩,៥១% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១ ដែល​ទទួលបាន​ត្រឹមតែ ១ ៦៧៦ ១៤៤,៣៧​តោន​។

​កសិផល​សំខាន់ៗ ដែល​បាន​នាំចេញ មាន​ដូចខាងក្រោម​៖
១- ការនាំចេញ​អង្ករ​៖ បរិមាណ​អង្ករ​នាំចេញ​មាន​ចំនួន ១០៣ ០៥៨ តោន កើនឡើង​ចំនួន ២៦ ៨៣៦​តោន (៣៥,២១%) បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០២១ ដែលមាន​ចំនួន ៧៦ ២២២​តោន​។
– បរិមាណ​អង្ករ​បាន​នាំចេញ​ទៅកាន់​ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន ២០​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ២៦ ៥០៧​តោន (​កើនឡើង​ចំនួន ៧ ៥១១​តោន ស្មើនឹង ៣៩,៥៤%) ទិសដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ៥៦ ៣៨៥​តោន (​កើនឡើង​ចំនួន ១៨ ៧៥៥​តោន ស្មើនឹង ៤៩,៨៤%) ទិសដៅ​អាស៊ាន​ចំនួន ៣​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៩ ៣៧០​តោន​(​កើនឡើង​ចំនួន ៣ ១៤១​តោន ស្មើនឹង ៥០,៤៣%) និង​ទិសដៅ​ដទៃទៀត​ចំនួន​១៦​ប្រទេស មាន​បរិមាណ​សរុប ១០ ៧៩៦​តោន (​ថយចុះ​ចំនួន ២ ៥៧១​តោន ស្មើនឹង -១៩,២៣%)
– ក្រុមហ៊ុន​ដែល​បាន​នាំចេញ​អង្ករ​មាន​ចំនួន ៤១​ក្រុមហ៊ុន ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ មាន​រហូតដល់ ៧៧ ០៣៩​តោន (៧៥,០២%) និង​ក្រុមហ៊ុន​៣១​ដទៃទៀត​បាន​នាំចេញ​ត្រឹមតែ ២៦ ០១៩​តោន (២៤,៩៨%)​។

២- ការនាំចេញ​ស្រូវ​៖ បរិមាណ​នាំចេញ​ស្រូវ​មាន​ចំនួន ៦៥១ ១០១ តោន ទៅកាន់​ប្រទេស​វៀតណាម (​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ចំនួន ៤១៣ ៧៧៥​តោន​) ដែលមាន​ការកើនឡើង​ចំនួន ៩២ ០៦៨ តោន (១៦,៤៧%) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២១ ដែលមាន​ចំនួន ៥៥៩ ០៣៣​តោន​។

៣- ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ ៖ បរិមាណ​នាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ចំនួន ១ ៣១៨ ៦៤២,៧០ តោន កើនឡើង​ចំនួន ៦ ៥៧០,៣៣ តោន ស្មើនឹង ០,៥០% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ដែលមាន​ចំនួន ១ ៣១២ ០៧២,៣៧ តោន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close