ចុង​សប្ដាហ៍​ទី​៤ នៃ​ខែកុម្ភៈ​! កម្ពុជា ទទួលបាន​ទេសចរ​ជាង ១៦​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចុង​សប្តាហ៍​ថ្ងៃទី​២៦-២៧ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវ​សរុប​១៦៥,០៤៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​១៥៧,៤៤៣​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​៧,៦០៣​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៣៤,៥២២​នាក់​
* ខេត្តពោធិ៍សាត់ ២៤,៥០២​នាក់​
* ខេត្តបាត់ដំបង ២៣,៥១០​នាក់​
* រាជធានី​ភ្នំពេញ ១៨,៧៣០​នាក់​
* ខេត្តកំពត ៨,២៥៤​នាក់​
* ខេត្តមណ្ឌលគិរី ៦,២៩៥​នាក់​
* ខេត្ត​កែប ៥,៤៩៥​នាក់​
* ខេត្តសៀមរាប ៤,៩៦៤​នាក់​។​

​ការបន្ត​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ប្រភេទ​អូ​មី​ក្រុង នៅតាម​បណ្តា​រាជធានី​-​ខេត្ត​នានា​បាន​ជះឥទ្ធិពល​ដល់​កា​រស​ម្រ​ច​ចិត្ត​ធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​។ ជាកស្តែង តួលេខ​ខាងលើ​មានការ​ថយចុះ​ប្រមាណ​១៧.០៩% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក​។​

​ខណៈដែល​ចរន្ត​ភ្ញៀវទេសចរ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​គោលដៅ​ទេសចរណ៍​តាម​ខេត្ត​បន្ត​ថមថយ​ខ្លះទៀត ការដើរ​កម្សាន្ត​ក្នុង​ខេត្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ផ្ទាល់ ក៏មាន​ថមថយ​ខ្លះ​ដែរ ពិសេស​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដូចជា​ខេត្តសៀមរាប ព្រះសីហនុ និង​កំពត​ជាដើម​។​

​ទន្ទឹមនឹងនេះ ការគិតគូរ​អំពី​ការ​សន្សំ​ប្រាក់ចំណូល​មួយចំនួន ព្រមជាមួយ​ការ​ទុកពេល​វេលា​ដើម្បី​ដើរ​កម្សាន្ត​ពេលដែល​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​អូ​មី​ក្រុង មានការ​ស្រាកស្រាន្ត ពិសេស​នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ ក៏​ជា​កត្តា​មួយ​ពន្យល់​អំពី​ការ​ថមថយ​ចរន្ត​ភ្ញៀវទេសចរ​នា​រយៈពេល​២​សប្តាហ៍​ចុងក្រោយ​នេះ​ផងដែរ​។​

​ដោយឡែក ទោះបី​ចរន្ត​ភ្ញៀវទេសចរ​មានការ​ថមថយ​ខ្លះ ប៉ុន្តែ​ក្រសួងទេសចរណ៍​រដ្ឋបាល​រាជធានី​-​ខេត្ត និង​មន្ទីរ​ទេសចរណ៍​បាន​បន្ត​ខិតខំ​ណែនាំ​អប់រំ និង​ជំរុញ​ការអនុវត្ត​វិធានការ​បង្កា​ជំងឺ​កូ​វីដ​-១៩ វិធានការណ៍​៣​កុំ និង​៣​ការពារ និង SOP ឲ្យ​បាន​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close