ជប៉ុន នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ៤១​លាន​ដុល្លារ ដល់​កម្ពុជា​

​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​ចំនួន ០២ ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ ៤១​លាន​ដុល្លារ​អាមេរិក​។

​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​នេ​ញ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២២ ក្រោម​វត្តមាន​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស​កម្ពុ​ជា បានឱ្យដឹងថា គម្រោង​ទាំងពីរ ដែល​នឹង​ទទួលបាន​ហិរញ្ញប្បទាន​ឥត​សំណង​នេះ រួមមាន​៖
១. ការ​បោសសម្អាត​មីន​ប្រកបដោយ​សមាហរណកម្ម និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ដំណាក់កាល​ទី​២ ដែលមាន​ទឹកប្រាក់​ចំនួន ២០០០ លាន​យ៉េន (​ប្រមាណ ១៧ លាន​ដុល្លារ​អាមេរិក​) និង​២. ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្តស្វាយរៀង ដែលមាន​ទឹកប្រាក់​ចំនួន ២៧៨៦ លាន​យ៉េន (​ប្រមាណ ២៤ លាន​ដុល្លារ​អាមេរិក​)​។​

​ក្រសួងការបរទេស បានលើកឡើង​បន្ថែមថា ហិរញ្ញប្បទាន​ឥត​សំណង​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម​កម្ពុជា ព្រមទាំង​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ដែលមាន​ស្រាប់ និង​ចំណង មិត្ត​ភាពជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close