ក្រុមកីឡាគ្រីឃីតជនពិការជម្រើសជាតិកម្ពុជា ត្រៀមប្រកួតពាន T-20 ASIA Cup 2023 នៅប្រទេសប៉ាគីស្ថាន
តាមរយៈគោលដៅនៃឆន្ទៈរួមគ្នារបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា ដែលបានព្រមព្រៀងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះបានប្រកាសពីការត្រៀមខ្លួនចូលរួមចូលរួមប្រកួតរបស់ក្រុមកីឡាគ្រីឃីតជនពិការជម្រើសជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ ពានរង្វាន់ T-20 Asia Cup នាខែមករា-កុម្ភៈ ឆ្នាំ២០២៣ ខាងមុខ នៅប្រទេសប៉ាគីស្ថាន។
ក្រុមជនពិការចំនួន១១រូប ដែលប្រើប្រាស់រទេះរុញ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជានឹងចូលរួមហ្វឹកហាត់ និងចូលរួមជាកីឡាករជម្រើសជាតិកីឡាគ្រីឃីត។ គោលបំណងចម្បងៗនៃភាពជាដៃគូ ដែលចុះកិច្ចព្រមព្រៀងដោយឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងលោក សែន វិទ្យា ប្រធានសមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា គឺដើម្បីជំរុញការផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍនកីឡាគ្រីឃីតនៅកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ជាមួយគ្នានេះ វាក៏ជាការបង្កើតទំនាក់ទំនងរវាងស្ថាប័នទាំងពីរ ដើម្បីអភិវឌ្ឍប្រភេទកីឡា (Cricket GAME) ព្រមទាំងចូលរួមង្កើតឲ្យមានក្រុមកីឡាគ្រីឃីតជាតិជនពិកា ដើម្បីចូលរួមការប្រកួតកម្រិតអន្តរជាតិ។ តាមរយៈការគាំទ្រ និង ការចូលរួមកិច្ចសហប្រតិបត្តិការរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានេះ សមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា នឹងក្លាយជាស្ថាប័នគ្រប់គ្រងតែមួយគត់ ក្នុងប្រទេសកម្ពុជា ដើម្បីតែងតាំងក្រុមកីឡាគ្រីឃីតជាតិសម្រាប់ជនពិកា។ សមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជាបានប្រកាសតែងតាំងជាផ្លូវការឯកឧត្តម យី វាសនា ជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជាផងដែរ។
បច្ចុប្បន្ន សមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជាត្រូវបានទទួលស្គាល់ជាផ្លូវការ និងចូលជាសមាជិកភាពពេញសិទ្ធិតំណាងឲ្យកម្ពុជារបស់សហព័ន្ធគ្រប់គ្រងកីឡាអាស៊ីសម្រាប់កីឡាជនពិការ (Asian Turf & Track Federation-ATTF) និងត្រូវបានទទួលស្គាល់ជាផ្លូវការជាសមាជិកភាពពេញសិទ្ធិតំណាងឱ្យកម្ពុជារបស់ក្រុមប្រឹក្សាកីឡាគ្រីឃីតជនពិការអន្តរជាតិ (International Wheelchair Cricket Council-IWCC) ផងដែរ។
គួរបញ្ជាក់ថា សមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា (CRICKET FEDERATION CAMBODIA ASSOCIATION) គឺជាសមាគមកីឡាមិនស្វែងរកប្រាក់ចំណេញ ហើយបានដំណើរការនូវសកម្មភាពរបស់ខ្លួនតាមផ្លូវច្បាប់ ស្របតាមបទបញ្ញាត្តិស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល របស់រាជរដ្ឋាភិបាលកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។