ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត តម្លៃជាង២រយលានដុល្លារអាមេរិក សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅថ្ងៃនេះ

(ភ្នំពេញ) ៖ កំណាត់ផ្លូវជាតលេខ៣ភ្នំពេញ-កំពត ប្រវែងជាង ១៣៤ គីឡូម៉ែត្រ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ទៅដល់ក្រុងកំពត ត្រូវបានស្តារម្តងរួចមកហើយនៅឆ្នាំ២០០៨-២០១១។ ប៉ុន្តែដោយសង្កេតឃើញថា កំណើនចរាចរណ៍មានការកើនឡើងគួរឱ្យកត់សម្គាល់ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យធ្វើការពង្រីកកំណាត់ផ្លូវនេះចាប់ពីចោមចៅ ដល់បែកគូស ប្រវែងជិត ៧០គីឡូម៉ែត្រ ជា ៤គន្លង និងកំណាត់ផ្លូវពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត ៦៥គីម៉ែត្រ ជា២គន្លង ដោយក្រាលបេតុងកៅស៊ូAC ឡើងវិញ។

កំណាត់ផ្លូវនេះ ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ, ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ, ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ, ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះ បានសាងសង់ស្ពានថ្មី ចំនួន ១១កន្លែង ប្រវែងសរុប ៤៤៣ម៉ែត្រ ទទឹង ១២ម៉ែត្រ និងពង្រីកស្ពានចាស់ ២កន្លែង ប្រវែងសរុប ៣០ម៉ែត្រ។

កំណាត់ផ្លូវនេះ បានសាងសង់លូជ្រុងចំនួន ៣៤កន្លែង លូមូលចំនួន ១៧៧កន្លែង លូដាក់តាមប្រឡាយសងខាងផ្លូវចំនួន ២៧១កន្លែង និងការងារបំពាក់បរិក្ខារផ្លូវថ្នល់ រួមមាន៖ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ព្រមទាំងមាន បំពាក់កាំមេរ៉ាចាប់ល្បឿនអចល័តចំនួន ១០កន្លែង និងសាងសង់ស្ពានថ្មើរជើងរំលងផ្លូវចំនួន ២កន្លែង ផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា កំណាត់ផ្លុវជាតិលេខ៣ភ្នំពេញ-កំពតនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១។ ការសាងសង់កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបប្រមាណជាង ២១៥លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

លោកទេសដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជាឆ្លងកាត់រាជធានី-ខេត្តចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ ខេត្តព្រះសីហនុ តាមរយៈកំណាត់ផ្លូវជាតិលេខ៣(កំពត-វាលរេញ) ភ្ជាប់ទៅផ្លូវជាតិលេខ៤ (ព្រៃនប់) និងតភ្ជាប់ទៅច្រកព្រំដែនកម្ពុជា-ថៃ ខេត្តកោះកុង តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close