មន្រ្តីសុខាភិបាល ៖ ឱសថព្យាបាលជំងឺកូវីដ-១៩ MOLNATRIS ឬ Molnupiravir ជាថ្នាំសម្រាប់តែព្យាបាលតែប៉ុណ្ណោះ មិនមែនជាថ្នាំសម្រាប់លេបបង្ការទុកជាមុនទេ
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ឱសថព្យាបាលជំងឺកូវីដ-១៩ MOLNATRIS ឬ Molnupiravir គឺជាថ្នាំសម្រាប់តែព្យាបាលតែប៉ុណ្ណោះ មិនមែនជាថ្នាំសម្រាប់លេបបង្ការទុកជាមុន ដើម្បីការពារកុំឱ្យឆ្លងកូវីដ ឬមុនពេលធ្វើតេស្តរកកូវីដ-១៩នោះទេ ព្រោះការប្រើប្រាស់បែបនេះនឹងបង្កឱ្យមានគ្រោះថ្នាក់ទៅដល់សុខភាព។
រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលបានធ្វើការណែនាំក្រើនរំលឹកអំពីនីតិវិធីស្តង់ដារដែលត្រូវប្រកាន់យក និងអនុវត្តសម្រាប់ការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះសម្បែង ដោយលើកឡើងអំពីការប្រើប្រាស់នូវឱសថ Molnupiravir នេះដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកដែលរកឃើញវិជ្ជមានវីរុសកូវីដ-១៩ តែប៉ុណ្ណោះ មិនមែនសម្រាប់ទិញយកលេបការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩នោះទេ។
«ការភ័យខ្លាចឆ្លងជំងឺនេះគឺជារឿងត្រឹមត្រូវ ប៉ុន្តែមិនត្រូវប្រើប្រាស់ថ្នាំខុសពីការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ព្រោះអ្វីដែលសំខាន់ដើម្បីការពារកុំឱ្យឆ្លងវីរុសនេះគឺត្រូវរួមគ្នាអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន នោះទើបអាចកាត់បន្ថយការឆ្លងជំងឺដ៏កាចសាហាវនេះបាន»។
លោកស្រី ឱ វណ្ណឌីន ក៏បានក្រើនរំលឹកដែរថា ទោះបីជាប្រជាពលរដ្ឋសម្រុកទិញឱសថ Molnupiravir ដើម្បីយកមកស្តុកទុក ប៉ុន្តែប្រសិនបើខ្វះនូវការអនុវត្តន៍វិធានការការពារ ដូចនេះលទ្ធភាពនៃការឈឺរបស់ក្រុមគ្រួសារ នឹងមានគ្រប់ពេលវេលាទាំងអស់។ លោកស្រីអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវតែរួមគ្នាការពារធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ល្បឿននៃការឆ្លងនៃវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។