ឆ្នាំ​២០២១ កន្លងទៅ​! ពលករ​ខ្មែរ​ជាង ៤​ពាន់​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនមក​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​

ខេត្តបន្ទាយមានជ័យ​៖ តាម​របាយការណ៍​រប​ស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងា​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០២២ បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០២១ ពលករ​ខ្មែរ​ជាង ៤.០០០​នាក់ ដែល​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនមក​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ក្នុង​របាយការណ៍​បានបញ្ជាក់​ទៀតថា ក្នុង​ឆ្នាំ​២០២១ សម្រាប់​ខេត្តបន្ទាយមានជ័យ មាន​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ចំនួន​ជាង ៦៣.០០០​នាក់ ក្នុងនោះ​មាន​កុមារ​ចំនួន​ជាង ៧.០០០​នាក់ និង​ព្រះសង្ឃ​ចំនួន ៩​អង្គ ផងដែរ​។​
​ក្នុងនោះ​អាជ្ញាធរ​ថៃ​បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​មាន​ចំនួន ៣៤១​លើក សរុប​ចំនួន ៤.៦៩២​នាក់ (​ស្រី​ចំនួន ២.១៩៨​នាក់ និង​កុមារ​ចំនួន ៤៥៩​នាក់​) ដោយ​ពិនិត្យឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៤៩​នាក់ (​ស្រី​១៩​នាក់​)​។​

​សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០២១ តាម​ច្រក​មួយចំនួន​ដូចជា ច្រក​បឹង​ត្រកួន ច្រក​ប៉ោយប៉ែត ច្រក​អូរ​បី​ជាន់ និង​ច្រក​ស្រុក​ម៉ាឡៃ​ជាដើម មាន​សកម្មភាព​ពលករ​ឆ្លងដែន​មកពី​ប្រទេស​ថៃ​រាល់ថ្ងៃ ធ្វើឱ្យ​អាជ្ញាធរខេត្ត ពង្រីក​នូវ​មណ្ឌល​ច​ត្តា​ឡី​ស័ក ឬ​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ជាច្រើន​កន្លែង​។ ក្នុងអំឡុង​នេះដែរ ក៏មាន​សកម្មភាព​លួច​ឆ្លងដែន​ខុសច្បាប់ ហើយ​ត្រូវបាន​អាជ្ញាធរ​កម្ពុជា និង​ថៃ​ចាប់បញ្ជូន​មកវិញ​។ ចំពោះ​មេខ្យល់​ដែលជា​អ្នក​នាំ​ផ្លូវ​មួយចំនួន ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close