លោក​អេម៉ានុយអែល ម៉ាក្រុង៖​« បារាំង​មាន​មោទនភាព​ខ្លាំងណាស់​ដែល​នូវែលកាឡេដូនី​បន្ត​ស្ថិត​ក្នុង​អធិបតេយ្យ​របស់​បារាំង »

នៅ​ក្នុង​ទឹកដី​នូវែលកាឡេដូនី លទ្ធផល​នៃ​បោះឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ្យ​នា​ថ្ងៃ​អាទិត្យ ទី៤ វិច្ឆិកា​ឲ្យ​ដឹង​ថា សម្លេង​អ្នក​មិន​ចង់​បាន​ឯករាជ្យ​ផ្តាច់ខ្លួន​ចេញ​ពី​បារាំង​មាន​ជាង ៥៦% ទល់​នឹង​សម្លេង​ចង់​បាន​ឯករាជ្យ​ដែល​មាន​ជាង ៤៣%។

«លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​តាម​កញ្ចក់​ទូរទស្សន៍​ពី​វិមាន​ប្រធានាធិបតី។ នៅ​ក្នុង​សារ លោក​ម៉ាក្រុង​បាន​សម្តែង​មោទនភាព​ដែល​ពលរដ្ឋ​នូវែលកាឡេដូនី​បាន​សម្រេចចិត្ត​បន្ត​រួមរស់​ជាមួយ​បារាំង។​បឋម​ខ្ញុំ​ចង់​និយាយ​ថា មោទនភាព​ដ៏​ធំធេង​ដែល​យើង​បាន​សហការណ៍​រួម​គ្នា​ក្នុង​ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ជា​ប្រវត្តិសាស្រ្ត​ពេល​នេះ។ ខ្ញុំ​ក៏​ចង់​និយាយ​ផង​ដែរ ពី​មោទនភាព​របស់​ប្រមុខរដ្ឋ​ដែល​បាន​ឃើញ​ពលរដ្ឋ​នូវែលកាឡេដូនី​ភាគច្រើន​បោះឆ្នោត​ជ្រើស​យក​ប្រទេស​បារាំង។ សម្រាប់​យើង វា​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​ផ្តល់​ជំនឿទុកចិត្ត​នៅ​ក្នុង​សាធារណរដ្ឋបារាំង និង​នៅ​ក្នុង​អនាគត​របស់​ខ្លួន។

មោទនភាព​នេះ ម្នាក់ៗ​អាច​ទទួល​យក​បាន និង​ចែក​រំលែក​បាន។ ថ្ងៃ​នេះ អ្នកចាញ់​មាន​តែ​មួយ​គត់ គឺ​ការ​ព្យាយាម​មាក់ងាយ បំបែកបំបាក់ បំភិតបំភ័យ និង​ហិង្សា។ ចំណែក​អ្នក​ឈ្នះ​វិញ គឺ​នីតិវិធី​ក្នុង​គោលដៅ​សន្តិភាព​ដែល​នូវែលកាឡេដូនី​ទទួល​បាន​តាំង​ពី ៣០ឆ្នាំ ស្មារតី​នៃ​កិច្ចសន្ទនា​ដែល​នឹង​គ្មាន​អ្វី​អាច​ចូលរារាំង​បាន​ទៀត​ឡើយ និង​ស្មារតី​នៃ​ការ​ទទួល​ខុស​ត្រូវ​ដែល​នាំ​ពលរដ្ឋ​នូវែលកាឡេដូនី​ប្រុស ស្រី​ឲ្យ​ចូលរួម​បោះឆ្នោត​ដ៏​ពិសេស​មួយ​ពេល​នេះ។

ខ្ញុំ​យល់​ពី​ការ​ខកចិត្ត​ខ្លាំង​របស់​ក្រុម​ដែល​មាន​ឆន្ទៈ​ចង់​បាន​ឯករាជ្យ ហើយ​ពួក​គេ​ក៏​បាន​បញ្ចេញ​មតិ​របស់​ខ្លួន​តាម​រយៈ​ការ​បោះឆ្នោត​ដែរ។ ខ្ញុំ​ចង់​ឆ្លៀត​ឱកាស​នេះ​ដើម្បី​និយាយ​ប្រាប់​ពួក​គេ​ថា រដ្ឋបារាំង​បាន​សន្យា​ចំពោះ​នូវែលកាឡេដូនី​ក្នុង​រយៈពេល​យូរ​ដើម្បី​ធានា​ភាព​ថ្លៃថ្នូរ​សម្រាប់​គ្រប់​និន្នាការ​ទាំង​អស់​នៃ​សង្គម​នៅ​ជុំវិញ​តម្លៃ​សេរីភាព សមភាព និង​ភាតរភាព »៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close