ក្រុមហ៊ុន​ឧស្ម័ន Nord Stream 2 ដាក់​លិខិត​សុំ​ក្ស័យ​ធុន បុគ្គលិក​ទាំង​ត្រូវ​បញ្ឈប់​ពី​ការងារ​

​ចាប់តាំងពី​ដំណើរការ បំពង់​ប្ហូ​រ​ឧស្ម័ន​មកកាន់​អឺរ៉ុប Nord Stream 2 ក្រុមហ៊ុន​នេះ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​។ នៅពេល​នេះដែរ សង្គ្រាម​វាយប្រហារ​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​អឺរ៉ុប ដាក់ទណ្ឌកម្ម​រុស្ស៊ី ក្រុមហ៊ុន​មួយ​នេះ រង​ផលប៉ះពាល់​ខ្លាំងជាងគេ ក៏បាន​សម្រេច​ដាក់​លិខិត​សុំ​ក្ស័យ​ធុន និង​រំសាយ​បុគ្គលិក​ទាំងអស់​។​

​ក្រុមហ៊ុន​សាងសង់​បំពង់​ឧស្ម័ន Nord Stream 2 បានដាក់​ពាក្យ​ប្រកាស​ក្ស័យធន​ហើយ បន្ទាប់ពី​រដ្ឋាភិបាល​អាល្លឺម៉ង់​បញ្ឈប់ ប្រតិបត្តិការ​បំពង់​ឧស្ម័ន ដែលជា​គម្រោង​រួមគ្នា​ជាមួយ​រុស្ស៊ី បន្ទាប់ពី​ទីក្រុង​ម៉ូស្គូ​បើក​ប្រតិបត្តិការ​យោធា​លើ​អ៊ុយ​ក្រែ​ន​។​

​ព័ត៌មាន​ក្ស័យធន​ខាងលើ ត្រូវបាន​ប្រកាស​ដោយ​លោកស្រី ស៊ី​លី​វ៉ា ថា​ល់​ម៉ាន ហ្គូ​ត (Silvia Thalmann-Gut) ជា​នាយក​សេដ្ឋកិច្ច នៃ​ក្រុមហ៊ុន Nord Stream 2 នៅក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ស្វី​ស SRF នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​។​

​លោកស្រី បានបញ្ជាក់​ដូច្នេះ​ថា «​ក្រុមហ៊ុន Nord Stream បាន​ក្ស័យធន​ដោយសារតែ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក កាលពី​សប្ដាហ៍​មុន​»​។ លោកស្រី​បន្ថែមថា ក្រុមហ៊ុន​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ក្នុង​តំបន់ ហើយ​ថា​ខ្លួន​បានដាក់​ពាក្យ​ប្រកាស​ក្ស័យធន ហើយ​បុគ្គលិក​ទាំងអស់ ១០៦​នាក់ នឹងត្រូវ​បាត់បង់​ការងារ​។​

​គួរ​បញ្ជាក់ថា Nord Stream 2 គឺជា​ក្រុមហ៊ុន​សាងសង់​បំពង់​ឧស្ម័ន មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ស្វី​ស ហើយ​ក្រុមហ៊ុន​នេះ គឺជា​បុត្រ​សម្ពន្ធ របស់​ក្រុមហ៊ុន​យក្ស​រុស្ស៊ី Gazprom៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close