សមត្ថកិច្ច ចាប់​រថយន្តក្រុង ៨​គ្រឿង ដឹកទំនិញ​នាំចូល​ពី​ព្រំដែន​ប្រទេស​វៀតណាម

​កាលពី​រសៀល​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២២ មន្ត្រី​ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បានកំណត់​មុខសញ្ញា និង​ស្ទាក់​ឃាត់​រថយន្តក្រុង​ចំនួន ៨​គ្រឿង ដែល​បាន​ដឹកទំនិញ​ចូល​ពី​ព្រំដែន​ប្រទេស​វៀតណាម នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​ប្រតិបត្តិការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ស្វែងរក​ភាពមិន​អនុលោម​នៃ​ទំនិញ​ទៅនឹង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​សុខុមាលភាព និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ការពារ​សិទ្ធិ​របស់​អ្នកប្រើប្រាស់ និង​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា ធានាបាន​ការប្រកួតប្រជែង​ប្រកបដោយ​ស្មោះត្រង់ និង​សុចរិត​ក្នុង​ធុរកិច្ច​។

​លទ្ធផល​បឋម មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ឃាត់​ឆែកឆេរ រកឃើញ​នូវ​បទល្មើស​ក្លែងបន្លំ មិនមាន​អនុលោមភាព​លើ​លិខិតបទដ្ឋាន​គតិយុត្ត រំលោភ​កម្មសិទ្ធិបញ្ញា និង​មិនមាន​ឯកសារ​ពាក់ព័ន្ធ​នឹង​ការនាំ​ចូល លើ​ប្រភេទ​ទំនិញ​មួយចំនួន​។ មន្ត្រី​ជំនាញ​នឹង​បន្ត​អនុវត្ត​វិធានការ ស្របតាម​នីតិវិធី​ជា​ធរមាន​។​

​សូមបញ្ជាក់​ផងដែរ​ថា មន្ត្រី​ស៊ើបអង្កេត​របស់​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប​. ជា​មន្ត្រីនគរបាល​យុត្តិធម៌ ដែល​ត្រូវ​បានផ្តល់​អាណត្តិ​ដោយ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ​និង​សេវា និង​ជា​នគរបាល​យុត្តិធម៌​ដែល​ត្រូវ​បានផ្តល់​អាណត្តិ​ដោយ​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង ឱ្យ​កំណត់​បទល្មើស​ក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន​ក្នុងការ​អនុវត្ត​ច្បាប់​ទាំង​៣​ខាងលើ ដើម្បី​ធានាបាន​នូវ​ការការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ សិទ្ធិ​អ្នកប្រើប្រាស់ និង​ធុរកិច្ច​ក្នុងការ​ប្រកួតប្រជែង​ដោយស្មោះ​ត្រង់ និង​សុចរិត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close