អគ្គិភ័យឆេះតូបលក់សាំងនៅ​មុខ​ផ្សារ​លើ​ខេត្ត​ព្រះសីហនុ បំផ្លាញរថយន្ដអស់៤គ្រឿង និងរ៉ឺម៉ក់ម៉ូតូកង់បី១គ្រឿង

នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អគ្គិភ័យឆេះនៅមុខផ្សារលើ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរលត់ទៅវិញហើយ។ ករណីនេះមិនមែនឆេះផ្ទះឡើយ គឺឆេះតូបលក់សាំងនៅតាមផ្លូវ រួចបន្ដរាលដាលទៅឆេះរថយន្ដដែលនៅក្បែរនោះ។

សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយអគ្គិភ័យនេះផ្ដើមចេញពីឆេះនៅតូបលក់សាំង ដោយមានរ៉ឺម៉ក់មួយគ្រឿង បានចូលទៅចាក់ប្រេង ដោយម្ចាស់ម៉ូតូបានជក់បារីនាំឲ្យឆាប ទើបបង្កជាអគ្គិភ័យ រួចប្រេងបានហូរមកតាមផ្លូវ បន្ដឆេះរាលដាលលើរថយន្ដដែលចតនៅមុខផ្សារ ចម្ងាយពីតូបលក់ប្រេងប្រមាណ៥០-៦០ម៉ែត្រ និងប៉ុស្ដិ៍ប្រែសណីយ៍ ដែលនៅក្បែរនោះតែម្ដង។

ក្រោយមានកិច្ចអន្ដរាគមន៍ពីកម្លាំងសមត្ថកិច្ច សហការជាមួយក្រុម៧១១ ដែលប្រចាំការនៅសាលាសង្គ្រោះមិត្តភាព កម្ពុជា-ជប៉ុន អគ្គិភ័យនេះបានរលត់ទៅវិញទាំងស្រុង ដោយបានបំផ្លាញរថយន្ដអស់ចំនួន៤គ្រឿង និងរ៉ឺម៉ក់កង់បីមួយផងដែរ។

តាម​សមត្ថកិច្ច​ អគ្គិភ័យនេះមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់នោះទេ។

យ៉ាងណាក៏ដោយ ជុំវិញករណីគ្រោះអគ្គិភ័យនេះ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងជំនាញពាក់ព័ន្ធទាំងអស់ ស្រាវជ្រាវចំពោះម្ចាស់ទីតាំងដែលបើកអាជីវកម្មលក់ប្រេង ដើម្បីឲ្យទទួលខុសច្បាប់ចំពោះមុខច្បាប់ តែម្ចាស់ទីតាំងនេះបានរត់គេចខ្លួនភ្លាមៗក្រោយកើតហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close