ពលករខ្មែរសម្រុកចេញពីប្រទេសថៃវិញ ខណៈអាជ្ញាធរ​តេស្តរកឃើញ​កូវីដ១៩ជាបន្តបន្ទាប់

អាជ្ញាធរស្រុកតាមបណ្តោយព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងរយៈពេល​ប៉ុន្មានថ្ងៃមកនេះ មានពលករ​ខ្មែរ​ជា​ច្រើន​បាន​បន្ត​សម្រុក​ចាកចេញពីប្រទេស​ថៃ ចូល​មក​ប្រទេស​កម្ពុជាវិញ ដោយគ្រាន់តែ​ថ្ងៃទី៣ ខែមីនា មានពលករ​ខ្មែរ​ប្រមាណ ១១៨នាក់ បានត្រឡប់​មក​កម្ពុជា​តាម​ច្រក​ទ្វារព្រំដែន​ភូមិពោធិ៍ជ្រៃ ក្នុងស្រុកសំពៅលូន ក្នុងនោះ​គេ​ក៏​បានតេស្ត​រកឃើញអ្នក​វិជ្ជមាន​កូវីដ១៩ ចំនួន៦នាក់ផងដែរ។

បើតាមលោក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមីនា ក្រុមការងារសម្រេចទទួលពលករខ្មែរចំនួន១១៨នាក់ ក្នុងនោះស្រី៣១នាក់ ក្មេង១៤នាក់ ដែលសម្រុកចូលតាមច្រកទ្វារព្រំដែនភូមិពោធិ៍ជ្រៃ។ លោកបន្តថា ក្រោយពីទទួលបានក្រុមពលករភ្លាម កងកម្លាំងយើងបានធ្វើការកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ អប់រំណែនាំ និងសុំឱ្យមានកិច្ចសហការជាមួយអាជ្ញាធរ ដើម្បីត្រួតពិនិត្យសម្ភារៈហាមឃាត់ (ចំពោះអ្នកត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក) ដោយបានដកហូតកាំបិតចំនួន៨ដើម និងបានប្រគល់ក្រុមពលករទាំងនោះទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន យកសំណាកធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍ផ្ទាល់តែម្ដង។

ជាលទ្ធផល គេ​បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅកាន់មណ្ឌលព្យាបាលកូវីដ-១៩ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យពលករ ដែលមានបណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវចំនួន៦២នាក់ ត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ។

ចំណែកអ្នកមានបណ្ណចាក់វ៉ាក់សាំងតែស្កេនអត់ចេញចំនួន៥០នាក់ ត្រូវបញ្ជូនបន្តទៅកាន់មណ្ឌលចត្តាឡីស័ក ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមាផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close