រដ្ឋមន្រ្តីការបរទេសកម្ពុជា ក្នុងនាមប្រេសិតពិសេសប្រធានអាស៊ាន នឹងទៅកាន់ប្រទេសមីយ៉ាន់ម៉ា អំឡុងចុងខែមីនានេះ
ភ្នំពេញ – រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា នាអំឡុងចុងខែមីនាខាងមុខនេះ។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងដំណើរទស្សនកិច្ចនៅតាមប្រទេសមីយ៉ាន់ម៉ា ដែលអាចធ្វើពីថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន មានផែនការជួបមន្ត្រីសំខាន់ៗរបស់មីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន។
ជាមួយគ្នានេះ លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ពីជំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន និងក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានឆ្លងកាត់បទពិសោធជាច្រើនក្នុងសមរភូមិនៃសង្គ្រាមផ្ទៃក្នុង ទម្រាំដណ្តើមបានសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ ពិតជាមានការពិបាកខ្លាំងណាស់ និងក៏ជាមូលហេតុចម្បងដែលសម្តេចតេជោ ចង់ឱ្យមានការបញ្ចប់ជម្លោះហែកហួរផ្ទៃក្នុងនៅប្រទេសមីយ៉ាន់ម៉ា តាមរយៈបទពិសោធនយោបាយឈ្នះ-ឈ្នះ ដែលកម្ពុជាបានចែករំលែក។
« សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តរបស់សម្តេច ក្នុងការជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា តាមរយៈការអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ២០២២កន្លងទៅ។ ក្នុងដំណើរទស្សនកិច្ចនោះ គឺដើម្បីបំបែបភាពជាប់គាំង និងបើកផ្លូវឱ្យមានវឌ្ឍនភាពបន្ថែមទៀត ក្នុងការអនុវត្តកិច្ចព្រមព្រាងជាឯកច្ឆន្ទ៥ចំណុច(5PC)»។
សូមរំឭកថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កាលពីខែមករា ឆ្នាំ២០២២ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានយល់ព្រមពន្យារពេលបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ ព្រមទាំងធានាសម្របសម្រួលឱ្យប្រេសិតពិសេសប្រធានអាស៊ាន អាចចូលជួបជជែកជាមួយភាគីជម្លោះ និងជួយសម្របសម្រួលដល់ការផ្ដល់ជំនួយទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា គ្រប់ភាគីទាំងអស់ផងដែរ..៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។