ក្រសួងពាណិជ្ជកម្ម បាន​បោះ​មួយ​ជំហាន​ទៀត ក្នុង​វិស័យ​ឌីជីថល នឹងដាក់​ឱ្យប្រើ​ប្រាស់ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២២ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា ក្រសួងពាណិជ្ជកម្ម​កំពុងតែ​រៀបចំ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស​របស់​ក្រសួងពាណិជ្ជកម្ម តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​ជំនួស​វិញ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ និង​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​មន្ត្រីរាជការ​របស់​ក្រសួងពាណិជ្ជកម្ម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​បែបនេះ នាឱកាស​ដែល ឯកឧត្តម​រដ្ឋមន្ត្រី អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី “​ការដាក់ឱ្យ​ប្រើប្រាស់ MOC Web Portal និង​ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស​របស់​ក្រសួងពាណិជ្ជកម្ម​” ដែល​បាន​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។ កិច្ចប្រជុំ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​រដ្ឋលេខាធិកា​រ ឯកឧត្តម​អគ្គនាយក លោកជំទាវ​អគ្គាធិការ ឯកឧត្តម​ប្រធាន​នាយកដ្ឋាន និង​លោក លោកស្រី ដែលជា​មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម​ជាច្រើនរូប​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា ក្រសួងពាណិជ្ជកម្ម បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​វិស័យ​ឌីជីថល ជាក់ស្ដែង​ក្រសួង​បានដាក់​ឱ្យ​ដំណើរការ​ជា​បណ្ដោះអាសន្ន​នូវ​មជ្ឈមណ្ឌល​ទិន្ន័យ​ថ្មី កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅ ដើម្បី​ធានា​ឱ្យបាន​នូវ​ការប្រើប្រាស់​ប្រព​ន្ធ័​ស្វ័យប្រវត្ត​កម្ម (Online Service) របស់​ក្រសួងពាណិជ្ជកម្ម​កាន់តែ​មាន​ប្រសិទ្ធភាព និង​សុ​វត្ថ​ភាព​ខ្ពស់ ដែល​ប្រព័ន្ធ​ទាំងនេះ​កំពុងមាន​ការប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ពី​អ្នកទទួល​សេវា​។ ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​ទាំងនេះ រួមមាន​៖ ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម ប្រព័ន្ធ​ចេញ​វិញ្ញាបនបត្រ​ប្រភពដើម​ទំនិញ ប្រព័ន្ធ​ចុះបញ្ជី​ម៉ាក និង​ប្រព័ន្ធ​ប្រតិបត្តិការ​ដែលមាន​កិច្ចធានា ជាដើម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា បន្ថែម​ពីលើ​ប្រព​ន្ធ័​ស្វ័យប្រវត្ត​កម្ម​ទាំងនេះ ក្រសួងពាណិជ្ជកម្ម បាន​ឈាន​មួយ​ជំហាន​ទៀត​ក្នុង​វិស័យ​ឌីជីថល ដោយ​នឹង​រៀបចំ​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​មួយចំនួនទៀត រួមមាន​៖ ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស​របស់​ក្រសួងពាណិជ្ជកម្ម (MOC HR System – Vitual Office) ផ្សារ​ក្រសួងពាណិជ្ជកម្ម (Phsar MOC) និង​ការប្រើប្រាស់ Power BI (Business Intelligence) ដើម្បី​វិភាគ​ទៅលើ​ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា ជាដើម​។

​ប្រព័ន្ធ​អន​ឡាញ​ថ្មី​ទាំងនេះ ត្រូវបាន​គ្រប់គ្រង​ដោយ MOC Web Portal ដែល​ត្រូវបានធ្វើ​ការអភិវឌ្ឍន៍​ដោយ​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ផ្ទាល់ និង​រក្សាទុក​នៅក្នុង​មជ្ឈមណ្ឌល​ទិន្ន័យ​ថ្មី​របស់​ក្រសួងពាណិជ្ជកម្ម​តែម្ដង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close