មន្រ្តី ៖ បុរី ឬក្រុមហ៊ុនសំណង់ខ្លះ ប្រកាសពន្ធសាងសង់តែ១០០ល្វែង ប៉ុន្តែជាក់ស្តែងធ្វើដល់ទៅ២០០ល្វែង
ក្នុងសិក្ខាសាលាស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបទល្មើសពន្ធដារ ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា កន្លងមកមានក្រុមហ៊ុនសង់បុរី ឬផ្ទះល្វែងមួយចំនួន ប្រកាសពន្ធថា ធ្វើផ្ទះឬវីឡាតែ១០០ទេ ក៏ប៉ុន្ដែជាក់ស្ដែង ធ្វើរហូតដល់១៥០ ទៅ២០០ផ្ទះ ដោយមិនបង់ពន្ធឱ្យបានត្រឹមត្រូវ។
យ៉ាងណាក៏ដោយ ដើម្បីចាត់វិធានការចំពោះករណីនេះ លោក គង់ វិបុល បានបញ្ជាក់ថា នៅពេលដ៏ខ្លីខាងមុខ អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ ដូចនេះករណីក្រុមហ៊ុនសាងសង់បុរី ឬផ្ទះល្វែង មិនបង់ពន្ធ គឺមិនអាចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិបានឡើយ។
«យើងខ្ញុំនឹងរៀបចំនូវប្រព័ន្ធគ្រប់គ្រងនៃអចលនទ្រព្យ នៅពេលដែលសហគ្រាស ដែលសាងសង់ជាបុរី សាងសង់ជាផ្ទះ បើថាអត់បានមកបង់ពន្ធ ហើយអត់មានលេខ Tax QR កូដនោះទេ មានន័យថា មកកាត់ឈ្មោះលក់អត់ចេញទេ»។
បើតាមការបញ្ជាក់របស់លោកអគ្គនាយកពន្ធដា ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ អនុវត្តចំពោះក្រុមហ៊ុនសង់បុរី ឬផ្ទះល្វែងនេះ អាចដំណើរការនៅចុងខែមេសា ឬដើមខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ខណៈបច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារ កំពុងអភិវឌ្ឍកម្មវិធីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។