សម្តេច ហ៊ុន​ សែន ប្រាប់ពលរដ្ឋថា កុំឈានហួស​រហូតដល់ស្ម័គ្រ​ចិត្តទៅធ្វើទ័ព​នៅអ៊ុយក្រែន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធមន្ទីរពេទ្យមួយ​នៅខេត្ត​ត្បូងឃ្មុំ បានប្រកាស មិនគាំទ្រចំពោះប្រជាពលរដ្ឋខ្មែរដែលចង់ធ្វើជាទ័ពស្ម័គ្រចិត្តជួយប្រយុទ្ធនៅអ៊ុយក្រែននោះឡើយ ដោយថា វាដូចជាការយកសាំងទៅចាក់នៅលើភ្លើង។

សម្តេចតេជោបានកត់សម្គាល់ឃើញថា ពលរដ្ឋកម្ពុជា រួមទាំង​ក្មេងៗ សុទ្ធតែចាប់អារម្មណ៍ពីបញ្ហានៅអ៊ុយក្រែន ប៉ុន្តែសម្តេចមិនលើកទឹក​ចិត្ត​រហូតដល់អនុញ្ញាតពួកគេទៅធ្វើទ័ពនៅអ៊ុយក្រែននោះឡើយ។ សម្តេចពន្យល់ថា វាជារឿងមិនអាចទៅរួច ដោយសារគ្មាន​អ្វី​ដែល​ត្រូវដឹកពួកគេទៅអ៊ុយក្រែនឡើយ ហើយក៏មិនគួរយក​សាំងទៅចាក់លើភ្លើងនោះដែរ។

សម្តេច ហ៊ុន សែន បាន​រំលឹក​ថា កម្ពុជាចូលអន្តរាគមន៍បាន​តែក្រោមឆត្រ​អង្គការ​សហប្រជាជាតិ ពោល​គឺកងកម្លាំងមួកខៀវ តែប៉ុណ្ណោះ។

ទាក់ទង​បញ្ហា​រុស្ស៊ី អ៊ុយក្រែន សម្តេចបានបញ្ជាក់ថា យើងមិនអាច​ព្រងើយ​កន្តើយ​លើការវាយ​លុយ​ទ្រង់ទ្រាយ​ធំពីប្រទេសមួយទៅប្រទេសមួយទៀតនោះឡើយ។ ជាមួយ​គ្នានេះ សម្តេចក៏​បានបន្ត​អំពាវនាវឲ្យមាន​ការចរចា ជាពិសេស​ការ​ចរចាឈាន​ទៅដល់បទឈប់បាញ់នៅហ្នឹងកន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close