បើករថយន្តចាក់ធុងបាស់លឺខ្លាំងពេក សមត្ថកិច្ចឃាត់យកមកអប់រំ
យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំ ក្រោយពីរូបគេបានបើករថយន្តហ្វូតមួយគ្រឿងតាមផ្លូវ ដោយមានដាក់ធុងបាស់ពីក្រោយ បង្ករជាសំឡេងរំខានដល់អ្នកស្រុក និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
បើតាមមន្ត្រីការិយាល័យនគរបាលសណ្តាប់ធ្នាប់ខេត្តបន្ទាយមានជ័យ បានប្រាប់ថា អ្នកបើកបរចាក់ធុងបាស់ ឬបំពង់សំលេងក្រោយរថយន្ត ខណៈពេលបើកបរនោះ មានឈ្មោះ ផល ចិន្ត្រា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំគយម៉ែង ស្រុកមង្គលបូរី។
មន្ត្រីនគរបាលរូបនោះ បានបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមីនា ខណៈពេលដែលសមត្ថកិច្ចកំពុងល្បាត ក៏បានឃើញរថយន្តម៉ាកហ្វូត១គ្រឿង ពាក់ស្លាកលេខបន្ទាយមានជ័យ 2E.9756 បានបើកបររថយន្តតាមផ្លូវ ហើយថែមទាំងបើកបំពង់សំលេងដែលដាក់ធុងបាស់ពីក្រោយរថយន្ត ដោយបើកឮសំឡេងខ្លាំងៗនៅពេលកំពុងបើកបរ ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ ទើបកម្លាំងជំនាញឃាត់ទាំងរថយន្ត និងអ្នកបើកបរមកកាន់ការិយាល័យនគរបាលសណ្តាប់ធ្នាប់ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការណែនាំអប់រំ និងកិច្ចសន្យាអោយបញ្ឈប់សកម្មភាពការចាក់ធុងបាស់ពីក្រោយរថយន្ត ខណៈពេលបើកបរ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់បន្តទៀត។
មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយពីធ្វើកិច្ចសន្យាហើយ អ្នកបើកបររថយន្តបានយល់ព្រមបញ្ឈប់សកម្មភាពចាក់ធុងបាស់នៅខាងក្រោយរថយន្តនៅពេលបើកបរ ឬទីប្រជុំជនតាមដងផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អ្នកជិតខាងចាប់ពីពេលនេះតទៅ បើសិនជាមានលើកទី២ទៀត នឹងមានវិធានការណ៍តាមច្បាប់ផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។