រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ថា ផ្លូវទៅកាន់ខេត្តកេាះកុង សេវាស្នាក់នៅ និងម្ហូបអាហារ នឹងរៀបចំរួចស្រេចមុនបុណ្យសមុទ្រចូលមកដល់
ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអំពីបញ្ហាផ្លូវធ្វើដំណើរទៅលេងពិធីបុណ្យសមុទ្រ
នាខែក្រោយនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអះអាងថា ផ្លូវធ្វើដំណើរទៅកាន់ខេត្តកោះកុង សេវាកម្មស្នាក់នៅ-ម្ហូបអាហារ និងសេវាតម្រូវការនានា នឹងរៀបរយស្រេចបាច់មុនព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះឈានចូលមកដល់។
ក្នុងកិច្ចប្រជំុលើកទី៣ ដែលធ្វើឡើងកាលពីថ្ងៃទី៤ វិច្ឆិកា ម្សិលមិញ ឯសាលាខេត្តកេាះកុង បានថ្លែងថា បច្ចុប្បន្ននេះ ក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយរដ្ឋបាលខេត្តកោះកុង បាននិងកំពុងពន្លឿនការងារនេះជារៀងរាល់ថ្ងៃ ពោលកិច្ចការទាំងនេះនឹងរួចរាល់ស្រេចបាច់មុនពិធីបុណ្យសមុទ្រមកដល់។
ជាមួយគ្នានេះ ក្រុមការងារក៏កំពុងដោះស្រាយបញ្ហាសេវាស្នាក់នៅ ម្ហូបអាហារ និងសេវាតម្រូវការនានា ផងដែរ ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់សូមកុំឡើងថ្លៃហួសហេតុពេក ។ បើតាមអង្គប្រជុំនៅថ្ងៃម្សិលមិញនេះដែរ ចំពេាះកន្លែងស្នាក់នៅ ក្រុមការងារខាងភាគីកម្ពុជា ក៏បានសម្របសម្រួលជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរពីកម្ពុជាដែលមកទស្សនាបុណ្យសមុទ្រនៅខេត្តកោះកុង អាចឆ្លងទៅទស្សនានៅខេត្តត្រាច ប្រទេសថៃ និងស្នាក់នៅទីនោះបានផងដែរ។
គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។