ពាណិជ្ជកម្ម​រុស្ស៊ី​-​ចិន​កើនឡើង​ខ្ពស់់​ខណៈ​ប្រទេស​លោកខាងលិច​បង្កើន​ការដាក់ទណ្ឌកម្ម​

នៅ​ថ្ងៃទី ៨​ខែមីនា ជប៉ុន អូស្ត្រាលី កាណាដា … បាន​បង្កើន​ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី ជាការ​ប្រឆាំង សង្គ្រាម​វាយប្រហារ​ប្រទេស​អ៊ុយ​ក្រែ​ន ។ ប៉ុន្តែ​វិស័យ​ពាណិជ្ជកម្ម​រវាង​ចិន​និង​រុស្ស៊ី​បាន​កើនឡើង​ខ្ពស ក្នុង​រយៈពេល​ដើមឆ្នាំ ២០២២​នេះ​។​

​ពេលនេះ​ដែរ ជប៉ុន​បាន​បង្កើន​ការដាក់ទណ្ឌកម្ម បង្កក​ប្រាក់​មន្ត្រីជាន់ខ្ពស់​របស់​រុស្ស៊ី​និង​បេឡា​រ៉ូ​ស ៣២​រូប​។ ជាមួយគ្នានេះដែរ​អូស្ត្រាលី ក៏បាន​ប្រកាស​គម្រោង​ដាក់ទណ្ឌកម្ម​បន្ថែម​ទៅលើ​ប្រទេស​រុស្ស៊ី​។ នៅក្នុង​បញ្ជី​ឈ្មោះ​ដាក់ទណ្ឌកម្ម មាន​បុគ្គល​១០​រូប ដែលមាន​ឥទ្ធិពល​ក្នុងប្រទេស​រុស្ស៊ី​ស្ថិតនៅក្នុង​ការដាក់ទណ្ឌកម្ម​នោះ ។ ចំណែក​ប្រទេស​កាណាដា ក៏​ដូចគ្នា​នោះដែរ នឹង​បង្កើន​ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី​។​

​បើទោះបី​ការដាក់ទណ្ឌកម្ម​ពី​បណ្តា​ប្រទេស​លោកខាងលិច តែ​ទំហំ​ពាណិជ្ជកម្ម​ចិន​-​រុ​ស្ស៉ី កើន​ជិត​៤០​ភាគរយ សម្រាប់​ខែ មករា​-​កុម្ភៈ ឆ្នាំ​២០២២ ធៀប​ជាមួយ​ឆ្នាំមុន​។​

​សារព័ត៌មាន TASS នៅ​ថ្ងៃ ទី​០៨ ខែមីនា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា អគ្គ​រដ្ឋបាល​គយ​រប​ស់​ប្រទេស​ចិន កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ បានប្រកាស​ឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​និង​រុ​ស្ស៉ី សម្រាប់​ខែមករា​-​ខែកុម្ភៈ ឆ្នាំនេះ បាន​កើន​ក្នុង​អត្រា​៣៨.៥​ភាគរយ គឺ​ឡើងដល់​២៦.៤៣​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​កំលុងពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​របាយការណ៍​ខាងលើ​ដដែល​បាន​បន្តថា ការនាំចេញ​របស់​ប្រទេស​ចិន​ទៅកាន់​រុ​ស្ស៉ី បាន​កើនឡើង​៤១.៥​ភាគរយ ក្នុង​រយៈពេល ២​ខែ​នោះ ហើយ​ស្មើនឹង​ខ្ទង់​១២.៦២​ពាន់​លាន​ដុល្លារ​។ រីឯ​ការនាំ​ចូល​នៃ​ទំនិញ​ក៏ដូចជា​សេវាកម្ម​របស់​រុ​ស្ស៉ី មកកាន់​ប្រទេស​ចិន​វិញ បាន​កើន​៣៥.៧​ភាគរយ គឺ​ដល់​ទំហំ​១៣.៨១​ពាន់​លាន​ដុល្លារ​។​

​ទំហំ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ចិន​និង​រុ​ស្ស៉ី កាលពី​ឆ្នាំ​២០២០ បាន​ថយចុះ​២.៩​ភាគរយ គឺ​មក​នៅត្រឹម ១០៧.៧៦​ពាន់​លាន​ដុល្លារ ដោយសារតែ​វិបត្តិ​ជំងឺ​រាតត្បាត​សកល COVID-19 ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០២១ វា​បាន​កើនឡើង​វិញ ៣៥.៨​ភាគរយ ដោយ​ឈានដល់​ទំហំ​កំណត់ត្រា​មួយ​គឺ ១៤៦.៨៨​ពាន់​លាន​ដុល្លារ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close