លោកស៊ី ជីនពីង៖ ចិន នឹងនាំចូលទំនិញ តម្លៃ ៣០ ០០០ពាន់លានដុល្លារ នៅ១៥ឆ្នាំខាងមុខ
ប្រទេសចិន ៖ នៅក្នុងពិព័រណ៌នៅថ្ងៃចន្ទទី ៥ ខែ វិច្ឆិកាដែលរៀបចំធ្វើនៅទីក្រុងសៀងហៃ ពីថ្ងៃនេះ រហូតដល់ថ្ងៃសៅរ៍ទី ១០វិច្ឆិកា និងដែលមានការចូលរួមពីក្រុមហ៊ុនបរទេស ៣ពាន់ មកពី ប្រទេសចំនួន ១៣០ ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានប្រកាសសន្យាបើកចំហរទីផ្សារចិន ឲ្យធំទូលាយជាងមុន។
ពិព័រណ៌អន្តរជាតិស្តីពីការនាំចូល នៅ ប្រទេសចិន មានលក្ខណៈ នយោបាយ ច្រើនជាង សេដ្ឋកិច្ច ព្រោះវារៀបចំធ្វើឡើងនៅក្នុងបរិបទដែលចិន កំពុងធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយ អាមេរិក។
លោក ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានមានប្រសាន៏នៅក្នុងការបើកសម្ពោធ ពិព័រណ៌អន្តរជាតិស្តីពី ការនាំចូល នៅទីក្រុងសៀងហៃ ប្រកាសបើកចំហរទីផ្សារចិន ឲ្យធំទូលាយជាងមុន ហើយប្រទេសចិននឹងប្រឹងប្រែង ជំរុញ ការនាំចូល កាត់បន្ថយតម្លៃពន្ធនាំចូល លើកចោល របាំងរដ្ឋបាល ហើយនិងដាក់ឲ្យអនុវត្តច្បាប់ ដ៏តឹងរ៉ឹង ដើម្បីពិន័យលើការលួចកម្មសិទ្ធិបញ្ញា។
នៅក្នុងសុន្ទរកថា បើកពិព័រណ៌នៅថ្ងៃនេះ ដោយនិយាយមិនចំៗដល់លោកដូណាល់ ត្រាំ លោកប្រធានាធិបតីចិន បានរិះគន់ផងដែរ នយោបាយ ការពារជាតិនិយម ហើយនិងនយោបាយដាក់ខ្លួនឲ្យឆ្ងាយពីគេឯង។
នៅថ្ងៃនេះ នៅចំពោះមុខអ្នកតំណាងក្រុមហ៊ុនបរទេស ដល់ទៅជិត ៣ពាន់ មកពីប្រទេស ១៣០ ប្រធានាធិបតីចិន បានប្រកាសថា នៅក្នុងរយៈពេល១៥ឆ្នាំទៅមុខ ការនាំចូលទំនិញ នៅប្រទេសចិន នឹងមានតម្លៃសរុប ដល់ ទៅ ៣ម៉ឺន ពាន់លានដុល្លារ។ អាចថា ក្នុងរយៈពេលមួយឆ្នាំ ការនាំចូលទៅប្រទេសចិន នឹងមានតម្លៃប្រមាណ ២ពាន់ ពាន់លានដុល្លារអាមេរិក ពោលគឺនៅតែតិចជាងអាមេរិក ដែលនាំចូលរួចទៅហើយ ទំនិញ មានតម្លៃ សរុប ជាង ២៤០០ពាន់លានដុល្លារ។
ចិនជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីអាមេរិក ក្នុងនាមជាប្រទេសនាំចូលច្រើនជាងគេក្នុងពិភពលោក ពោលគឺនាំមុខ អាល្លឺម៉ង់ដែលជាប់ចំណាត់ថ្នាក់ទី៣ និងជប៉ុនចំណាត់ថ្នាក់ទី៤។ នៅឆ្នាំ ២០១៧ ប្រទេសចិន នាំចូលទំនិញ ដែលតម្លៃ ១៨៤២ពាន់ លានដុល្លារ ចំណែក អាមេរិកវិញ នាំចូលទំនិញ ពីបរទេស ដែលមានតម្លៃ ២៤០៩ពាន់លានដុល្លារ គឺច្រើនជាងចិន ដល់ទៅ ជាង ៥០០ពាន់លានដុល្លារ។
ប្រទេសចិន ដែលនៅឆ្នាំ នេះ ប្រារព្ធខួប៤០ ឆ្នាំ នៃជោគជ័យ នៃកំណែទម្រង់សេដ្ឋកិច្ច ចង់បង្ហាញថា ខ្លួនលែងតឹ្រមជាកន្លែង ផលិត ដូចមុន របស់ក្រុមហ៊ុនបរទេសហើយ។ ឥលូវនេះ ចិនអាចក្លាយជាទីផ្សារ ធំសម្បើម សម្រាប់ទំនិញបរទេស ជាពិសេស ជាមួយនឹងសន្ទុះកំណើន ចំនួនប្រជាជនចិន មានជីវភាពមធ្យម ដែលសព្វថ្ងៃនេះបានកើនដល់ទៅជាង ២៤០លាននាក់ រួចហើយនោះ។ ការប្រកាសបង្កើនការនាំចូលទំនិញពីបរទេស ក៏ដើម្បី ឆ្លើយតបនឹងតម្រូវការកើនឡើង ក្នុងស្រុកនេះដែរ។
ដំណឹងល្អណាស់ សម្រាប់ក្រុមហ៊ុនបរទេស?
ពិព័រណ៌អន្តរជាតិស្តីពីការនាំចូលទើបត្រូវបានរៀបចំ ឡើងជាលើកទី១ នៅប្រទេសចិន ជាទីដែលតាំងពីដើមរៀងមក គេផ្តោតសំខាន់ខ្លាំង ទៅលើការនាំចេញ ដើម្បី ជំរុញ កំណើនសេដ្ឋកិច្ចក្នុងស្រុក។ សម្រាប់ អ្នកវិនិយោគបរទេស ការប្រកាសរបស់ប្រធានាធិបតីចិន តាមពិត មិនមែនជារឿងថ្មីប្លែកនោះទេ។ ប្រធានាធិបតីចិន លោកស៊ី ជីនពីងធ្លាប់បានសន្យាច្រើនដង ហើយ ក្នុងការធ្វើកំណែទម្រង់ ដើម្បី សម្របសម្រួលការបោះទុនវិនិយោគរបស់ក្រុមហ៊ុនបរទេស។ ប៉ុន្តែ ការសន្យាមានតែនៅលើបបូរមាត់ ព្រោះថា នៅក្នុងការពិតជាក់ស្តែង ទីផ្សារចិន នៅតែបើកទ្វារតូចចង្អៀត សម្រាប់ក្រុមហ៊ុនបរទេស។
អង្គការដើម្បីសហប្រតិបត្តិការសេដ្ឋកិច្ឋ និងអភិវឌ្ឍន៍ ហៅកាត់ថា OCDEបានចាត់ប្រទេសចិន ក្នុងចំណាត់ថ្នាក់ទី ៥៩ ក្នុងចំណោមប្រទេសសរុប ៦២ ដែលបើកទា្វរសម្រាប់ការវិនិយោគដោយផ្ទាល់ពី ក្រុមហ៊ុនបរទេស។
តាំងពីណាពីមក ក្រុមហ៊ុនបរទេសបានរអ៊ូរទាំ តវ៉ាខ្លាំងពីនយោបាយរបស់រដ្ឋាភិបាលចិន ដែលរើសអើងក្រុមហ៊ុនបរទេស ដើម្បីផលប្រយោជន៍ក្រុមហ៊ុនក្នុងស្រុកចិន។ ក្រុមហ៊ុនបរទេស ត្រូវបានចាប់តម្រូវដោយច្បាប់ចិន ដើម្បី សហការជាមួយក្រុមហ៊ុនក្នុងស្រុក បើសិនចង់នាំចូល ឬ បោះទុននិយោគផលិតក្នុងស្រុក ចិន។ អ្នកវិនិយោគ និងរដ្ឋាភិបាលបរទេសជាច្រើនបានតវ៉ាផងដែរ ពីរបាំងរដ្ឋបាល ការរំលោភកម្មសិទ្ធិបញ្ញា ការលួចផ្ទេរបច្ចេកវិទ្យា និងការរកស៊ីមិនស្មោះត្រង់ ពីសំណាក់ក្រុមហ៊ុនចិន ដែលភាគច្រើនជាក្រុមហ៊ុនរបស់រដ្ឋ។ ក្រុមហ៊ុនGoogleវិញបានសម្រេចដើរចេញ លែងធ្វើជំនួញនៅចិន ដោយសារតែ គ្មានការការពារសិទ្ធិពីរដ្ឋាភិបាលចិន ឬក៏រងដោយផ្ទាល់ ដោយសារការតាមដានត្រួតពិនិត្យ ពីអាជ្ញាធរ ក៏ដូចជាត្រូវរងការវាយប្រហារពីចោរអ៊ីនធ័រនែតនៅប្រទេសចិន។
ពិព័រណ៌ ដែលមានលក្ខណៈនយោបាយច្រើនជាងសេដ្ឋកិច្ច
ពិព័រណ៌នៅទីក្រុងសៀងហៃ បើកធ្វើ នៅក្នុងកាលៈទេសៈ ដែលប្រទេសចិន កំពុងផ្ទុះសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក។ នៅប៉ុន្មានខែមកនេះ អាមេរិករបស់លោកដូណាល់ ត្រាំ ទើបបានបង្កើនពន្ធ លើទំនិញ នាំចូលពីប្រទេសចិន ក្នុងបទចោទប្រកាន់ថា ចិន ធ្វើជំនួញមិនស្មោះត្រង់ និងលួចបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិកាំង។
ដោយប្រកាសសន្យាបើកចំហរទីផ្សារចិន លោកស៊ី ជីនពីង ចង់បង្ហាញថា ចិន នៅតែ គោរពអនុត្តសេដ្ឋកិច្ចសេរី បើកចំហរសម្រាប់គ្រប់គ្នា ខុសផ្ទុយពីអាមេរិក។ ចិន ចង់បង្ហាញថា នៅពេលអាមេរិក ដាក់របាំងពន្ធគយ យ៉ាងដូច្នេះ ប្រទេសផ្សេងទៀតក្នុងពិភពលោកគួរតែងាកមកធ្វើការជិតស្និទ្ធជាមួយចិន បើសិនគេចង់ចូលប្រលូក ក្នុងទីផ្សារចិន ដែលមានអតិថិជនច្រើនជាង ១ពាន់លាននាក់។
ប៉ុន្តែ យ៉ាងណាក៏ដោយ សម្រាប់អ្នកជំនាញ នៅពេលដែលលោកស៊ី ជីនពីង និយាយថា នឹងការពារ ធ្វើឲ្យសេដ្ឋកិច្ចចិន រឹងមាំ ជាងគេ នោះ គឺមិនខុសអ្វី ពីនយោបាយរបស់លោកដូណាល់ ត្រាំ ដែលថា ចង់គិតដល់ប្រជាជនអាមេរិកមុនគេនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។