អាមេរិក ប្រកាស​ហាមឃាត់​ការនាំ​ចូល​ប្រេង និង​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី​

​វ៉ាស៊ីនតោន​៖ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន នៅ​ថ្ងៃ​អង្គារ​បានប្រកាស​ពី​ការដាក់ទណ្ឌកម្ម​ថាមពល​លើ​ប្រទេស​រុស្ស៊ី ដោយ​ហាមឃាត់​ការ​នាំចូល​ប្រេង ឧស្ម័ន​ធម្មជាតិ និង​ធ្យូងថ្ម​ពី​ប្រទេស​រុស្ស៊ី ដើម្បី​ឆ្លើយតប​នឹង​ប្រតិបត្តិការ​យោធា​ដែល​កំពុង​បន្ត​នៅ​អ៊ុយ​ក្រែ​ន​។​

​លោក បៃ​ដិ​ន បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​មួយ​នៅឯ​សេត​វិមាន​ថា ការប្រកាស​នេះ​មានន័យថា ប្រេង​របស់​រុស្ស៊ី​នឹង​មិនអាច​ទទួលយកបាន​ចំពោះ​កំពង់ផែ​របស់​សហរដ្ឋ​អាមេរិក​ទៀត​ទេ​។

​លោក បៃ​ដិ​ន អះអាងថា វិធានការ​នេះ​មានន័យថា ប្រជាជន​អាមេរិក​បាន​ចាត់វិធានការ​ដ៏​មាន​ឥទ្ធិពល​មួយទៀត ចំពោះ​ការដឹកនាំ​របស់លោក ពូ​ទីន​។ លោក​បន្ថែមថា យើង​នឹងមិន​ក្លាយជា​ផ្នែក​មួយ នៃ​ការចូលរួម​ឧបត្ថម្ភ​ធនធាន​ដល់​សង្គ្រាម​របស់លោក ពូ​ទីន ទេ​… ទោះបីជា​មានការ​ភ័យខ្លាច​ចំពោះ​ការកើនឡើង​នៃ​តម្លៃ​ប្រេង និង​ឧស្ម័ន​ក៏ដោយ​។​

​យោងតាម​សមាគម​រថយន្ត​អាមេរិក បានឱ្យដឹងថា តម្លៃ​ប្រេងសាំង​ជា​មធ្យម​បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​គឺ ៤,១៧៣​ដុល្លារ​ក្នុង​មួយ​ហ្គា​ឡុង​កាលពី​ថ្ងៃ​អង្គារ ដែល​ទិន្នន័យ​របស់​ពួកគេ​បាន​បង្ហាញថា តម្លៃ​នេះ​ឡើងថ្លៃ ១៥​ភាគរយ​បើ​ធៀប​នឹង​សប្តាហ៍​មុន និង ២១ ភាគរយ​ខ្ពស់ជាង​មួយខែ​មុន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close