ថៃ ឲ្យ​ពលរដ្ឋ​ខ្លួន​កាត់បន្ថយ​ការ​ជិះឡាន ខណៈ​សាំង​ឡើងថ្លៃ​

​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ បាន​ជំរុញ​ដល់​សាធារណជន កាត់បន្ថយ​ការប្រើប្រាស់​ថាមពល ជាពិសេស ចំពោះ​ការប្រើប្រាស់​រថយន្ត​ឯកជន ខណៈដែល​ប្រេង​ឥន្ទ​នៈ​ឡើងថ្លៃ​។ ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា អះអាង​ទៀតថា រាជរដ្ឋាភិបាល នឹង​ប្រឹងប្រែង​អស់ពី​លទ្ធភាព ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​នេះ​។​

​ការអំពាវនាវ​របស់​លោក បាន​កើតមានឡើង ក្រោយពេល​តម្លៃ​ប្រេង​ឆៅ​ហក់​ឡើង ដល់ ៤២០០​បាត ឬ ១៣០​ដុល្លារ​អាមេរិក ក្នុង​មួយ​បារ៉ែល កាលពី​ថ្ងៃ​ថ្ងៃ​ដើម​សប្តាហ៍​នេះ ជាការ​ឡើងថ្លៃ​ខ្លាំង​បំផុត​ពុំ​ធ្លាប់មាន ចាប់តាំងពី​ឆ្នាំ​២០១២ ដែលមាន​ត្រឹម ១២៨​ដុល្លារ​អាមេរិក​នោះ​។​

​លោក​ថា «​យើង​កំពុង​ជំរុញ​ដល់​អ្នក​គ្រប់គ្នា ជួយ​សន្សំសំចៃ​ថាមពល​កាន់តែច្រើន កាន់តែ​ល្អ ជាពិសេស លើ​ការប្រើប្រាស់​រថយន្ត​ឯកជន​។ យើង​បាន​ដាក់ចេញ​វិធានការ​ដោះស្រាយ​បញ្ហា​តម្លៃ​ឡើងថ្លៃ​នេះ ប៉ុន្តែ​អ្វីដែល​យើង​គួរ​ធ្វើ ក្នុងករណី​បន្ត​វា​បន្ត​ឡើងថ្លៃ ហើយ​ថវិកា​យើង​ក៏មាន​កំណត់​?»​។​

​គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានសម្រេច​កាត់បន្ថយ​ពន្ធ​លើ​តម្លៃ​ប្រេង ខ្លះ រហូតដល់​ថ្ងៃទី​២០ ឧសភា ដើម្បី​ទប់ទល់​នឹង​ការ​ឡើងថ្លៃ​ប្រេងសាំង​នេះ​។​ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​បាននិងកំពុង​ដោះស្រាយ​បញ្ហា​នេះ ដោយ​ប្តេជ្ញា​ថា នឹង​រក្សា​តម្លៃ​លក់រាយ​ឲ្យ​នៅក្រោម​៣០​បាត ក្នុង​មួយ​លីត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close