តំណាង​អចិន្ត្រៃយ៍​កម្ពុជា​សម្តែង​ការខកចិត្ត​ចំពោះ​ឧ​ត្ត​ម​ស្នងការ​ទទួលយក​របា​យ​ការណ៍​ដែល​ពិនិត្យមើល​តែមួយ​ជ្រុង និង​បង្ក​ការយល់​ខុស​ចំពោះ​ស្ថានភាព​នៅ​កម្ពុជា​

ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ហ្សឺ​ណែវ លោក អាន សុខ​ខឿន បាន​បញ្ជាក់ថា គណៈប្រតិភូ​កម្ពុជា​យល់ស្រប​ទៅនឹង​ទស្សនៈ​របស់​ឯកឧត្តម​ប្រធាន​ពាក់ព័ន្ធ​នឹង​ការធ្វើ ន​យោ​បា​យូ​ប​នី​កម្ម​នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស និង ភាពលម្អៀង​ដោយសារ​ការកំណត់​ឋានានុក្រម ក្នុងចំណោម ប្រភេទ​សិទ្ធិមនុស្ស​។ ប៉ុន្តែ​បាន​សម្តែង​ក្តី​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ប្រការ​ដែល​ឧ​ត្ត​ម​ស្នងការ​ទទួលយក​របា​យ​ការណ៍ ដែល​ពិនិត្យមើល​តែមួយ​ជ្រុង និង​បង្ក​ការយល់​ខុស​ពាក់ព័ន្ធ​ស្ថានភាព​នៅ​កម្ពុជា​។​

ប្រតិកម្ម​នេះ​បាន​ធ្វើឡើង​ក្នុង​បទ​អន្តរាគមន៍ នៅក្នុង​នា​សម័យប្រជុំ​លើក​ទី​៤៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​កិច្ចពិភាក្សា​ទូទៅ លើ​របៀបវារៈ​ទី​២​ស្តីពី​របាយការណ៍​សក​ល​របស់លោក​ជំទាវ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២២​។

​យោងតាម​ប្រភព​ក្រសួងការបរទេស​បាន​បង្ហាញថា ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជាបាន​បន្តថា ការ​ថ្លែងថា កូដកម្ម​របស់​អតីត​បុគ្គលិក​កាស៊ីណូ​ធ្វើឡើង​ដោយ​ស្របច្បាប់ គឺជា​ការយល់​ខុស​ទាំងស្រុង​។ តុលាការ​បានប្រកាស​តាំងពី​ខែធ្នូ ឆ្នាំ​២០២១ មកម្ល៉េះ ថា កូដកម្ម​នេះ​គឺខុស​​ច្បាប់​។ ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​បាន ត្អូញត្អែរ ពីការរំខាន បង្ក ដោយការតវ៉ា ខុស ច្បាប់​ដែល​អូស​បន្លាយពេល​ជាច្រើន​ខែ​។ អាជ្ញាធរ​កម្ពុជា​បាន​រក្សា​ភាព​អត់ធ្មត់​ជាទីបំផុត ហើយ​ថែមទាំង​បាន​លុតជង្គង់​អង្វរករ​សុំឱ្យ​បាតុករ​គោរព​តាម​វិធាន​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។

យ៉ាងហោចណាស់ បាតុករ​ចំនួន​១៣០ នាក់ បានធ្វើ​តេស្ត​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​។ លោកជំទាវ​ឧ​ត្ត​ម​ស្នងការ តើ​បាតុកម្ម​ខុសច្បាប់​ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​បំពាន​លើ​វិធាន​សុខភាព​សាធារណៈ​ដូច្នេះ គឺជា​ការអនុវត្ត​សេរីភាព​ប្រមូលផ្តុំ​ដោយ​សន្តិវិធី​ដែល​ស្របតាម​រដ្ឋធម្មនុញ្ញ​ដែរឬទេ​?

នៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២២ កិច្ចប្រជុំ​អន្តរក្រសួងដឹកនាំ​ដោយ ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹងត្រូវ​រៀបចំឡើង ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ និង​ត្រូវបាន​គេ​ធ្វើ​ន​យោ​បា​យូ​ប​នី​កម្ម​។​

​ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បាន​បញ្ជាក់ថា អវត្តមាន​នៃ​គណបក្សនយោបាយ​មួយ​ក្នុងការ​បោះឆ្នោត​នាពេលខាងមុខ ដោយសារ​ការបំពានច្បាប់ មិនបាន​ធ្វើឱ្យ​កម្ពុជា​ចាក​ឆ្ងាយ​ពី​ពហុបក្ស​ឡើយ​។ មិន​ថា​លទ្ធផល​បែបណា​ឡើយ ការពិត​មួយ​ដែល​មិនអាច​ប្រកែក​បាន​គឺថា អ្នកបោះឆ្នោត​នៅតែ​អាច​ជ្រើសរើស​គណបក្សនយោបាយ​មួយ ក្នុងចំណោម​គណបក្សនយោបាយ​ចំនួន​១៧ ដែល​បាន​ចុះបញ្ជី​រួចរាល់ ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត​។ គណបក្ស​ទាំងនោះ មិន​ថា​តូច ឬ ធំ មាន​សិទ្ធិ​នយោបាយ​និង​សេចក្តីថ្លៃថ្នូរ​ស្មើៗ​គ្នា និង​ត្រូវ​ទទួលបាន​ការគោរព​ដូចៗ​គ្នា​។​

​ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជាបានកត់សម្គាល់ឃើញថាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​សំងំ​ស្ងៀមឈឹង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ចំពោះការប្រើ​ភាសា​ប្រជាភិថុតិ​ប្រកបដោយ​គ្រោះថ្នាក់ របស់​ក្រុមប្រឆាំង​មួយចំនួន ដែល​វិធីសាស្ត្រ​របស់​ក្រុម​នោះ​គឺ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជេរប្រមាថ និង​បង្កាច់បង្ខូច​គ្រប់បែបយ៉ាង ញុះញង់​ឱ្យមាន​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ និង​ការរើសអើង​ពូជសាសន៍ និង​អំពាវនាវ​ឱ្យមាន​ការបះបោរ​ប្រឆាំង​រដ្ឋាភិបាល​ជា​ថ្នូរ​នឹង​ប្រាក់​។ លោកជំទាវ​ឧ​ត្ត​ម​ស្នងការ តើ​សកម្ម ភាព​ទាំង នេះ​គឺ ជា អ្វី ដែល​លោកជំទាវ ចាត់ទុកថា ជាការប្រព្រឹត្ត ស្របច្បាប់ក្រោមច្បាប់អន្តរជាតិ​ឬ​?៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close