ជប៉ុន ផ្តល់​ថវិកា​ជាង ១​លាន​ដុល្លារ​អាមេរិក លើ​គម្រោង​កសាង​សមត្ថភាព​យុវជន និង​ការលើកកម្ពស់​សុខភាព​សហគមន៍ និង​អនាម័យ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២២ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ១,០៩៣,៨១៨​ដុល្លារ​អាមេរិក ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​ពីរ ក្រោម​គ្រោងការណ៍​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​។​

​ក្នុងនោះ ថវិកា​ចំនួន ៤៤៥,៩៩៤​ដុល្លារ​អាមេរិក ត្រូវបាន​ផ្តល់​ទៅ​អង្គការ​កុមារ​ឥត​ព្រំដែន (KnK) ដើម្បី​អនុវត្ត “​គម្រោង​កសាង​សមត្ថភាព​យុវជន​ក្នុង​ខេត្ត​ប៉ៃលិន តាមរយៈ​ការពង្រឹង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ (​ឆ្នាំ​ទី​៣)” និង​ថវិកា​ចំនួន ៦៤៧,៨២៤​ដុល្លារ​អាមេរិក​ទៀត ត្រូវបាន​ផ្តល់​ទៅ​អង្គការ World Vision Japan (WVJ) ដើម្បី​អនុវត្ត “​គម្រោងការ​រួមបញ្ចូល​គ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និង​អនាម័យ ក្នុង​ខេត្តព្រះវិហារ (​ឆ្នាំ​ទី​៣)”​។​

​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន និង អ្នកតំណាង​មកពី​អង្គការ​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​នេះ ហើយ​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​ទាំងពីរ​ដែល​បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ជប៉ុន​។
​ទោះបីជា​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ខ្នាត​ធំ ដូចជា​ការកែលម្អ​កំពង់ផែ​ក្រុងព្រះសីហនុ ផ្លូវជាតិ​លេខ​៥ និង​កម្ចី​ហិរញ្ញប្បទាន​យេន​សម្រាប់​ការឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​១៩ ជារឿយៗ​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា រដ្ឋាភិបាល​ជប៉ុន​ចាត់ទុកថា​ការធ្វើការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន និង​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា​មាន​សារៈសំខាន់​ស្មើគ្នា នៅក្នុង​ការចូលរួមចំណែក​ក្នុងការ​កែលម្អ​គុណភាព​ជីវិត​របស់​ប្រជាជន​ដែល​រស់នៅក្នុង​ទីតាំង​គម្រោង​នីមួយៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close