ក្រសួង ឲ្យ​បញ្ឈប់​ជាបន្ទាន់ នូវ​ការ​ចែកចាយ​បន្ត​នូវ​ព័ត៌មាន​ប្រឌិត​ថា «​វ៉ាក់សាំង​ចិន អាច​បង្ក​ជា​ជំងឺមហារីក​គ្រាប់​ឈាម​»

​ភ្នំពេញ​៖ លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២​នេះ បាន​ចេញមក​ច្រានចោល​ភ្លាមៗ បន្ទាប់ពី​មានការ​បង្ហោះ​ព័ត៌មាន​ប្រឌិត​មួយ ដែល​លើក​ថា «​ចិន​ប្រកាសថា​វ៉ាក់សាំង​កូ​វីដ​១៩ របស់ខ្លួន​អាច​បង្ក​ជា​ជំងឺមហារីក​គ្រាប់​ឈាម​»​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូបនេះ បាន​ចេញមក​ច្រានចោល​យ៉ាង​ដូច្នេះ​ថា «​ក្រសួងសុខាភិបាល សូម​ច្រានចោល​ទាំងស្រុង​នូវ​ការចុះផ្សាយ ព័ត៌មាន​ប្រឌិត និង​មិន​ត្រឹមត្រូវ​នេះ ដែល​ជាការ​រៀបចំឡើង ដើម្បី​បង្ក​ឲ្យ​មានការ​យល់ច្រឡំ និង​មាន​ចេតនា​បំពុលសង្គម​ផងដែរ​»​។​

​ជាមួយគ្នានេះ ក្រសួង បាន​អំពាវនាវ​សូម​បងប្អូន​ប្រជាពលរដ្ឋ បញ្ឈប់​នូវ​ការចែក​ចាយ​បន្ត​នូវ​ព័ត៌មាន​ប្រឌិត​នេះ​ជាបន្ទាន់ និង​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តាជួយ​ចាត់ការ​តាមផ្លូវ​ច្បាប់​ផង ចំពោះ​អ្នក​ប្រឌិត​ព័ត៌មាន​បំពុលសង្គម​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close